ជំងឺរលាកខ្នែងពោះវៀនគឺជាការហើម និងមានការបង្ករោគទៅលើខ្នែងពោះវៀនដែលកើតឡើងដោយសារមានលាមក និងរបស់ក្រៅពីក្នុងខ្លួនកក់កុញក្នុងខ្នែងនោះច្រើន។ ផ្ទុយទៅវិញខ្មែរយើងច្រើនតែយល់ថា ជំងឺនេះហៅថា ពោះវៀនដុះខ្នែងទៅវិញ ប៉ុន្តែខ្នែងពោះវៀននេះគឺមានគ្រប់គ្នាទាំងអស់មិនថា ក្មេង ឬចាស់ ប្រុស ឬស្រីឡើយ។ បើសិនជាជំងឺនេះមិនបានព្យាបាលទាន់ពេលវេលាទេ ខ្នែងពោះវៀនអាចនឹងបែក និងធ្លាយខ្ទុះទៅជុំវិញតំបន់នោះ ដូច្នេះវានឹងប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបាន។ ដូច្នេះអ្នកត្រូវតែយល់ដឹងឲ្យបានច្រើនចំពោះ អាការៈ ឬរោគសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះ ដើម្បីអ្នកអាចជួយខ្លួនឯងបាន។
ឈឺពោះ
វាគឺជាសញ្ញាដំបូងគេមួយរបស់ជំងឺរលាកខ្នែងពោះវៀន។ ការឈឺចាប់នេះមានលក្ខណៈដូចគេចាក់ និងឈឺនៅម្តុំកណ្តៀតក្អមខាងស្តាំ។ ការឈឺចាប់នេះច្រើនតែកើតឡើងដំបូងចេញពីជុំវិញផ្សិត និងកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេល ៦ ទៅ២៤ម៉ោងក្រោយ។
ហើមពោះ
ការហើមពោះតែងកើតឡើងជាមួយនឹងការឈឺពោះបែបដូចគេចាក់ ដែលភាគច្រើនជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះតែម្តង។
ក្អួត
រោគសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀននេះគឺស្រដៀងគ្នានឹងការឈឺក្រពះដែរ។ យ៉ាងណាមិញ នៅពេលការក្អួតកើតឡើងជាមួយនឹងការឈឺពោះនៅតំបន់កណ្តៀតក្អម និងមិនបាត់ទៅវិញទេនោះ វាអាចបញ្ជាក់ថា ជាការរលាកខ្នែងពោះវៀនហើយ។
ចង្អោ
ការចង្អោគឺជាសញ្ញាមួយរបស់ជំងឺជាច្រើន ហើយអាចងាយនឹងច្រឡំចំពោះជំងឺផ្សេងៗដែរ។ ប៉ុន្តែបើសិនជាវាកើតឡើងជាមួយគ្នានឹងការក្អួត និងឈឺពោះ ហើយបើសិនជាមិនស្រួលបួលវិញនោះទេ វាអាចជាសញ្ញារបស់ជំងឺរលាកខ្នែងពោះវៀនហើយ។
មិនឃ្លានអាហារ
មិនប្រាកដ ១០០ភាគរយទេ ប៉ុន្តែការមិនឃ្លានអាហារនេះក៏ជាសញ្ញាដ៏ញឹកញាប់មួយរបស់ជំងឺរលាកខ្នែងពោះវៀនដែរ។
ប្រែប្រួលការបន្ទោបង់
ចាប់តាំងពីជំងឺរលាកខ្នែងពោះវៀនស្រដៀងគ្នានឹងការឈឺក្រពះមក អ្នកប្រហែលជាមានអាការៈទាំងទល់លាមកផង និងរាកផងហើយ។ យ៉ាងណាមិញ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗនៅពេលអាការៈទាំងនេះកើតឡើងជាមួយនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើ។
ឈឺពោះបែបរមួល
ការឈឺពោះបែបរមួលក៏ជាសញ្ញាមួយរបស់ជំងឺរលាកខ្នែងពោះវៀនដែរនៅពេលវាកើតឡើងជាមួយនឹងសញ្ញាខាងលើ។ ទោះបីជាយ៉ាងណាក៏ដោយ សញ្ញាទាំងនេះច្រើនតែកើតឡើងក្រោយពីការឈឺពោះ និងមិត្រូវរងចាំរហូតដល់មានអាការៈទាំងអស់ខាងលើឡើយ។ ចូរចាំថា ការឈឺចាប់កាន់តែខ្លាំងទៅៗទៅតាមពេលវេលា ហើយខ្នែងពោះវៀនអាចនឹងបែកបានគ្រប់ពេលទាំងអស់៕ប្រភព៖health.com.kh