ទីក្រុងDALLAS៖ វេជ្ជវិជ្ជាខាងរោគស្បែក សហរដ្ឋអាមេរិក ផ្តល់ដំបូន្មានថា ក្មេងជំទង់ដែលមានមុខកើតមុន មិនគួរធ្វើការលុបលាងមុខ ញឹកញាប់ពេកនោះទេ ពីព្រោះវាអាចនាំឲ្យមាន អាការៈធ្ងន់ធ្ងរជាងមុន។
លោកវេជ្ជបណ្ឌិត Kent Aftergut នៃមហាវិទ្យាល័យ នៃរដ្ឋតិចសាសបាននិយាយថា “ចូរកុំព្យាយាមលាងមុខ របស់អ្នកញឹកញាប់ខ្លាំងពេក។ ជាក់ស្តែងមុនមិនមែនកើតឡើង ដោយសារធូលីនោះទេ ដូច្នេះហើយការលាងមុខញឹកពេក មិនអាចជួយបានទេ ហើយវាថែមទាំង អាចធ្វើឲ្យមានការ រលាកស្បែកមុខទៀតផង។”
វិធីដ៏ល្អបំផុតនោះគឺ អ្នកគួរតែលុបលាងមុខ២ដង ក្នុងមួយថ្ងៃដោយប្រើប្រាស់ សាប៊ូលាងមុខដែលផ្ទុក ទៅដោយអាស៊ីតសាលីសាឡិច ឬ benzoyl peroxide ។
លោកវេជ្ជបណ្ឌិត Aftergut បាននិយាយថា ទិន្នន័យថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ក្មេងជំទង់ដែលទទួលទាន របបអាហារ ដែលមានជាតិទឹកដោះគោ និងស្ករក្នុងកំរិតខ្ពស់ ប្រហែលជាធ្វើឲ្យអាការមុន ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោក Aftergut បានបន្តទៀតថា ផ្ទុយទៅវិញក្មេងជំទង់ ត្រូវការរបបអាហារ ដែលសំបូរទៅដោយ សារជាតិកាល់ស្យូម និង វីតាមីនD និងទទួលទានអាហារ ឲ្យបានទៀងពេល ទើបជាការប្រសើរ៕
ដោយ៖ ហង់ ច័ន្ទសុបញ្ញា