សុខភាព និង ផ្លូវភេទ

មិនពិបាកឡើយ! បញ្ហាគេងស្រមុក? កុំរំលងអត្ថបទនេះ

បញ្ហាស្រមុក មិនពិបាកនឹងទប់ទល់ឡើយ!
ថាតើធ្វើយ៉ាងណា ទប់បំបាត់អាការៈស្រមុកបានមែនទេ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ទប់ទល់អាការៈសម្រុក ៖

១. សម្រកទម្ងន់ខ្លះ

ការកើនទម្ងន់អាចបន្ថែមជាលិកាទៅក ដែលសង្កត់និងបង្រួមផ្លូវដង្ហើម បង្កជាបញ្ហាស្រមុក។ ការសម្រកទម្ងន់ចេញខ្លះ ពិតជាអាចជួយដោះស្រាយបញ្ហាស្រមុក បានយ៉ាងប្រសើរ ខណៈដែលជាលិកាខ្លាញ់ នៅផ្នែកខាងក្រោយនៃបំពង់ក ត្រូវបានកាត់បន្ថយ។

២. ផ្លាស់ប្ដូរទីតាំងនៃការគេង

មួយក្នុងចំណោមវិធីដ៏ងាយផ្សេងទៀត ដើម្បីបំបាត់អាការៈសម្រុក គឺផ្លាស់ប្ដូរទីតាំងនៃការគេង។ ចូរសាកល្បងគេងផ្អៀង ឬបែរទៅម្ខាង! ក៏ព្រោះការគេងបែបនេះ ជួយឱ្យបំពង់កមិនត្រូវបានរាំងស្ទះ ដោយគល់នៃអណ្ដាតនិងក្រអូមមាត់។

៣. ចៀសវាងទទួលទានគ្រឿងស្រវឹង

គ្រឿងស្រវឹងមានឥទ្ធិពល បង្កការរំខានដល់ការដកដង្ហើមបានត្រឹមត្រូវ ជាមូលហេតុបង្កអាការៈសម្រុក។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ពិសេសមុនពេលចូលគេង។

៤. បញ្ឈប់ការជក់បារី

ធ្លាប់ដឹងទេថាទម្លាប់នៃការជក់បារី ក៏អាចបណ្ដាលឱ្យអ្នកគេងស្រមុក? អ្នកជក់បារីកាន់តែច្រើនដើមប៉ុណ្ណាក្នុងមួយថ្ងៃ សម្លេងស្រមុកក៏នឹងឮខ្លាំងតាមនោះដែរ! ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមផ្ដាច់បារី។ ការជក់បារីបង្កការស្ទះផ្លូវដង្ហើម ដោយបង្កការរលាកដល់ភ្នាស ក្នុងច្រមុះនិងបំពង់ក។

៥. រក្សាខ្យល់សើមក្នុងបន្ទប់

ខ្យល់ស្ងួតក៏ជាកត្តាមួយងាយ នឹងបណ្ដាលឱ្យអ្នកស្រមុកផងដែរ! នោះ ក៏ព្រោះតែវាធ្វើឱ្យស្ងួតដល់ភ្នាស នៃច្រមុះនិងបំពង់ក។ នៅពេលខ្យល់រំកិលពីច្រមុះ ទៅបំពង់កត្រូវបានរាំងស្ទះនោះ អាការៈស្រមុកប្រាកដជា អាចកើតមានឡើង។

៦. ប្រើប្រាស់ប្រេងជីអង្កាម

ក្លិននៃប្រេងជីអង្កាម អាចជួយឱ្យអ្នកដកដង្ហើម បានស្រួលចៀសផុតបញ្ហាស្រមុក។ ដូច្នេះកុំភ្លេចប្រើប្រាស់ប្រេងជីអង្កាម ដើម្បីសម្រួលផ្លូវដង្ហើម។

៧. ធ្វើលំហាត់ប្រាណទៀងទាត់

ការស្រមុកអាចកើតឡើង ដោយសារខ្លាញ់ច្រើនពេកក្នុងរាងកាយ! ដូច្នេះហើយ ទើបការធ្វើលំហាត់ប្រាណជាប្រចាំ គឺចាំបាច់ណាស់ ដើម្បីទប់ទល់បញ្ហាស្រមុក។ ម្យ៉ាងវិញទៀតលំហាត់ប្រាណ ជួយសម្រួលដល់សាច់ដុំ ក្នុងបំពង់កបន្ថយអាការៈស្រមុក។

៨. គេងឱ្យទៀងពេល

ចូរបង្កើតទម្លាប់ចូលគេង និងក្រោកឱ្យទៀងពេល។ ការធ្វើបែបនេះ ជួយឱ្យអ្នកគេងលក់បានកាន់តែប្រសើរ និងបន្ថយអាការៈស្រមុកថែមទៀត។

ប្រយ័ត្ន! ក្នុងករណីខ្លះអាការៈស្រមុក អាចលេចឡើងដោយសារបញ្ហាសុខភាពណាមួយ។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអាការៈស្រមុក របស់អ្នកផ្ដល់ការរំខានខ្លាំង ដល់អ្នកនិងជុំវិញខ្លួន ហើយគន្លឹះណាមួយខាងលើ មិនមានប្រសិទ្ធភាពចំពោះអ្នកសោះនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះ ជាមួយគ្រពេទ្យជំនាញ៕ ប្រភព៖health

Most Popular

To Top