តើអ្នកមានទម្លាប់ក្នុងការទប់ទឹកនោមដែរទេ? បើអញ្ចឹងមែន អ្នកត្រូវតែដឹងថា ការដែលធ្វើបែបនេះអាចប្រឈមនឹងការបង្ករោគច្រើនជាពិសេសការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ យ៉ាងណាមិញ ការដែលទប់ទឹកនោមយូរៗពេកអាចបណ្តាលឲ្យមានបញ្ហាដូចជា៖
• ឈឺក្រពះ
• ឈឺពោះបែបរមួលៗ
• នោមជាប់ និងឈឺពេលនោម
• ថប់អារម្មណ៍
• ក្តៅខ្លួន
ទោះបីជាយ៉ាងណាក៏ដោយ ផលវិបាកធ្ងន់ធ្ងរនៃការទប់ទឹកនោមរយៈពេលយូរវិញមានដូចជា៖
ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
រឿងនេះអាចកើតឡើងបានដោយសារតែវត្តមានបាក់តេរីក្នុងទឹកនោមយូរពេក។ រោគសញ្ញាញឹកញាប់បំផុតនៃការបង្ករោគមួយនេះគឺការនោមញឹកតែម្តង។ បើសិនជាមិនបានព្យាបាលទេ ការបង្ករោគអាចនឹងរាល់ដាលទៅតម្រងនោម និងធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរថែមទៀត។
គ្រួសក្នុងតម្រងនោម
គ្រួសក្នុងតម្រងនោមកើតឡើងនៅពេលដែលទឹកនោមខាប់ខ្លាំង ដោយសារតែវត្តមានរបស់កាលស្យូមទៅជាគ្រីស្តាល។ សម្រាប់អ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ ឬញ៉ាំប្រៃច្រើនក៏អាចប្រឈមនឹងគ្រួសក្នុងតម្រងនោមដែរ។
រលាកប្លោកនោម
ករណីរលាកប្លោកនោមតិចតួចនឹងស្រួលបួលមកវិញក្នុងរយៈពេលពីរបីថ្ងៃក្រោយ ប៉ុន្តែបើសិនជាអ្នកដែលឧស្សាហ៍មានការបង្ករោគបែបនេះគួរតែទៅជួបពេទ្យមុននឹងរឿងនេះកាន់តែធ្ងន់ធ្ងរ។ ការបង្ករោគនេះបង្កឡើងដោយសារតែបាក់តេរីក្នុងខ្លួនចូលទៅក្នុងប្លោកនោមតាមរយៈបង្ហួរនោម។
ប្លោកនោមមនុស្សយើងអាចទ្រទ្រង់ ឬផ្ទុកទឹកនោមបានរហូតដល់ ៣០០ ទៅ៤០០មីលីលីត្រនៅពេលថ្ងៃ និងពេលយប់អាចដល់ ៨០០មីលីលីត្រ។ យ៉ាងណាមិញ ការនោមមួយថ្ងៃពី ៥ ទៅ៦ដងក៏ជារឿងធម្មតាដែរ បើសិនជាអ្នកញ៉ាំទឹកច្រើន៕
ប្រភព៖ Health