រោគពងបែក គឺជាវិធីសាស្ត្រម្យ៉ាងរបស់ រាង្គកាយក្នុងការនិយាយជំនួសថា វាទទួលលែងបានហើយ។ វាកើតឡើងដើម្បីពន្យឺតសកម្មភាពរបស់អ្នកនិងធ្វើឱ្យរាង្គកាយ របស់អ្នកត្រៀមលក្ខណៈសម្រាប់សកម្មភាពផ្លូវកាយ។
បើទោះបីជារូបមន្តខាងក្រោមផ្តោតទៅលើតែការព្យាបាល ពងបែកនៅជើង ប៉ុន្តែការណែនាំជាច្រើនអាចប្រើបានជាមួយនឹងការព្យាបាលពងបែកនៅដៃ ឬកន្លែងផ្សេងៗទៀតនៃរាង្គកាយរបស់អ្នកដែលត្រូវនិយាយ “បន្ថយល្បឿន”។
ការព្យាបាលពងបែក
នេះគឺជាការណែនាំរបស់អ្នកជំនាញដើម្បីឱ្យអ្នកប្រឈមមុខនឹងភាពមិនស្រណុកនៅពេលពងបែកកំពុងតែកើតមានលើអ្នក៖
ធ្វើការសម្រេចចិត្ត៖ នៅពេលដែលអ្នកកើតពងបែក អ្នកត្រូវតែសម្រេចចិត្តថាអ្វីដែលល្អបំផុតដើម្បីព្យាបាលវា។ នោះគឺ តើអ្នកគួរតែការពារវា ហើយទុកឱ្យវាជាសះដោយខ្លួនឯង ឬអ្នកគួរចាក់វាដើម្បីបញ្ចេញសារធាតុរាវពីក្នុងពងបែកនោះ?
វេជ្ជបណ្ឌិត Suzanne Tanner និយាយថា “ខ្ញុំគិតថាវាអាស្រ័យទៅលើទំហំនៃពងបែកនោះ។ អ្នកខ្លះប្រហែលជាប្រាប់អ្នកថាមិនត្រូវចាក់វាទេ ព្រោះអ្នកនឹងមិនមានហានិភ័យក្នុងការឆ្លងមេរោគឡើយ។ ប៉ុន្តែខ្ញុំយល់ថា វាមិនសាកសមនោះទេសម្រាប់មនុស្សមួយចំនួន”។
អ្នកជំនាញរបស់យើងនិយាយថា អ្នកគួរចាក់ទម្លុះពងបែកដែលធំ និងបង្ករឱ្យមានការឈឺចាប់ ក្នុងខណៈដែលមិនប៉ះពាល់ពងបែកដែលតូចហើយមិនបង្ករឱ្យមានការឈឺចាប់។ ម្យ៉ាងវិញទៀត ប្រសិនបើពងបែកនោះជិតនឹងបែកដោយខ្លួនវា អ្នកគួរតែចាក់មុនពេលវាបែកដោយខ្លួនឯង ព្រោះធ្វើបែបនេះអ្នកអាចគ្រប់គ្រងពេលវេលា និងរបៀបដែលពងបែកនោះធ្លាយ។
កាត់ក្រណាត់ក្រាស់ម្យ៉ាងជារាងនំដូណាត់៖ ប្រសិនបើអ្នកសម្រេចចិត្តថាមិនចាក់ទម្លុះពងបែកនោះទេ វិធីម្យ៉ាងក្នុងការការពារវាគឺកាត់ក្រណាត់ក្រាស់ម្យ៉ាង (moleskin) ជារាងនំដូណាត់ (រាងមូលមានប្រហោងកណ្តាល) ហើយបិតវានៅលើពងបែកនោះ។ ក្រណាត់នេះនឹងជួយការពារការប៉ះទង្គិចពីសកម្មភាពប្រចាំថ្ងៃ។ ឱ្យតែស្បែករបស់អ្នកស្ងួតនិងស្អាត ក្រណាត់នោះនឹងនៅជាប់ស្អិតនឹងស្បែករហូត។
សម្លាប់មេរោគ៖ ប្រសិនបើអ្នកសម្រេចចិត្តថាទម្លុះពងបែកនោះ ដំបូងអ្នកត្រូវលាងសម្អាតពងបែកនិងស្បែកជុំវិញនោះ ហើយត្រូវសម្លាប់មេរោគលើឧបករណ៍ដែលអ្នកប្រើប្រាស់ជាមុនសិន មិនថាអ្នកប្រើម្ជុល ឬឡាមនោះទេ។ វេជ្ជបណ្ឌិត Nancy Lu Conrad និយាយថា “ខ្ញុំណែនាំឱ្យប្រើអាល់កុលលាងសម្អាតទាំងស្បែក និងឧបករណ៍ប្រើប្រាស់”។
គ្រូពេទ្យដទៃទៀតណែនាំឱ្យសម្លាប់មេរោគលើឧបករណ៍ដោយប្រើភ្លើងជំនួសនឹងការប្រើអាល់កុល។ អ្នកគ្រាន់តែយកម្ជុលឬឡាមទៅរោលភ្លើងរហូតដល់វាឡើងពណ៌ក្រហម។ បន្ទាប់មកទុកវាឱ្យត្រជាក់មុននឹងយកវាទៅប៉ះនឹងស្បែករបស់អ្នក។ យុទ្ធសាស្ត្រទាំងពីរនេះសុទ្ធតែអាចសម្លាប់មេរោគបានដូចគ្នា។
រក្សាស្បែកគម្រប៖ នៅពេលដែលអ្នកចាក់ទម្លុះវារួចហើយ អ្នកជំនាញណែនាំឱ្យរក្សាទុកនូវស្បែកដែលគ្របពងបែកនោះ។ វេជ្ជបណ្ឌិត Richard Cowin និយាយថា “ខ្ញុំគិតថាកំហុសធំបំផុតដែលមនុស្សភាគច្រើនប្រព្រឹត្តនៅពេលព្យាបាលពងបែកដោយខ្លួនឯងគឺក្រោយពេលចាក់ទម្លុះវាហើយ ពួកគេនឹងទាញស្បែកគ្របពីលើនោះចេញ។ វាគឺជាកំហុសដ៏ធ្ងន់ធ្ងរ”។ ចូរគិតថាស្បែកនោះគឺជាបង់រុំរបួសធម្មជាតិ។
គាត់និយាយបន្តថា “ប្រសិនបើអ្នកកាត់ស្បែកនោះចេញ អ្នកនឹងបន្សល់នូវសាច់ឆៅពណ៌ក្រហម និងមានការឈឺចាប់។ ប៉ុន្តែប្រសិនបើអ្នកទុកវា វានឹងក្លាយទៅជារឹងហើយជ្រុះចេញមកដោយខ្លួនវា។ ការទុកបែបនេះអាចកាត់បន្ថយពេលវេលាជាសះស្បើយបាន”។
សាកល្បងថ្នាំអង់ទីប៊ូយ៉ូទិចសម្រាប់សម្លាប់មេរោគ៖ ការសិក្សាស្រាវជ្រាវរកឃើញថា ថ្នាំអង់ទីប៊ីយ៉ូទិចដែលមានកម្រិតគុណនឹងបី (ដូចជា Neosporin) អាចបំបាត់ការចំលងបាក់តេរីបានក្រោយពេលប្រើវាពីរដង រីឯថ្នាំដូចជា iodine និង camphor-phenol អាចនឹងពន្យារការជាសះស្បើយ។ វេជ្ជបណ្ឌិត Clare Starrett និយាយថា ថ្នាំ iodine និង camphor-phenol មានគុណភាពខ្លាំងក្នុងការសម្លាប់មេរោគនិងបាក់តេរី ដែលនៅពេលដែលប្រើក្នុងកម្រិតច្រើន វាអាចនឹងសម្លាប់កោសិកាដែលកំពុងតែព្យាយាមជាសះស្បើយ។
ប្រើបង់រុំរបួសធម្មតា៖ ក្រោយពេលដែលអ្នកចាក់ទម្លុះនិងយកសារធាតុរាវចេញពីវាអស់ហើយ អ្នកត្រូវតែរក្សាឱ្យជិតល្អនិងការពារវាក្នុងពេលដែលវាកំពុងជាសះស្បើយ។ បើទោះបីជាអ្នកគិតថាគ្រូពេទ្យនឹងប្រើស្បៃរុំលើពងបែករបស់អ្នកក៏ដោយ ប៉ុន្តែអ្នកជំនាញរបស់យើងណែនាំវិធីសាស្ត្រដែលងាយស្រួលជាងនេះ។
វេជ្ជ. Cowin និយាយថា “ជម្រើសទីមួយរបស់ខ្ញុំគឺបង់ស្អិតរុំរបួសធម្មតា”។
ប៉ុន្តែ ស្បៃរុំត្រូវបានណែនាំឱ្យប្រើសម្រាប់ពងបែកណាដែលធំពេក ដែលបង់ស្អិតរុំរបួសធម្មតាមិនអាចបិតជិត។ ហើយហាមមិនឱ្យត្រូវទឹក។
ប្រើគម្របការពារ៖ ប្រសិនបើអ្នកព្យាបាលពងបែករបស់អ្នកនិងគ្របវាបានយ៉ាងល្អ ប៉ុន្តែអ្នកមិនអាចរង់ចាំឱ្យវាជាសះស្បើយបានល្អមុននឹងវិលត្រលប់ទៅកាន់ជីវិតរស់នៅពីមុនរបស់អ្នកវិញ នោះអ្នកត្រូវតែស្គាល់គម្របការពារ Spenco’s Second Skin ដែលជាអេប៉ុងជួយការពារពងបែក។
វេជ្ជ. Conrad និយាយថា “វាគឺជាផលិតផលល្អមួយ ប៉ុន្តែចូរដឹងថា កីឡាករមួយចំនួនលាបប្រេង petroleum jelly ទៅលើពងបែកមុននឹងបិតអេប៉ុង Second Skin ពីលើ”។
ផ្តល់ខ្យល់ខ្លះដល់វា៖ គ្រូពេទ្យជាច្រើនណែនាំឱ្យដោះគម្របចេញពីពងបែកជារៀងរាល់យប់ដើម្បីឱ្យពងបែកអាចត្រូវខ្យល់ខ្លះ។ វេជ្ជ. Cowin និយាយថា “ខ្យល់ និងទឹក គឺជាសារធាតុដ៏ល្អសម្រាប់ការជាសះស្បើយ ដូច្នេះការជ្រលក់វាក្នុងទឹកហើយទុកវាឱ្យត្រូវខ្យល់នៅពេលយប់គឺមានប្រយោជន៍ក្នុងការជាសះស្បើយ”។
ប្តូរគម្របដែលសើម៖ បើទោះបីជាគ្រូពេទ្យមួយចំនួននិយាយថាអ្នកអាចទុកគម្របនោះក្នុងរយៈពេលពីរថ្ងៃដោយគ្មានការព្រួយបារម្ភក៏ដោយ ប៉ុន្តែពួកគាត់សុទ្ធតែយល់ស្របថា ប្រសិនបើវាសើមមិនថាដោយមូលហេតុអ្វីនោះទេ អ្នកត្រូវតែប្តូរថ្មី។ នោះមានន័យថា អ្នកត្រូវតែប្តូរវាញឹកញាប់ ប្រសិនបើជើងរបស់អ្នកបែកញើសច្រើន ឬប្រសិនបើអ្នកធ្វើសកម្មភាពណាមួយដែលបង្ករឱ្យអ្នកបែកញើសហើយសើមគម្របនោះ។
វិធីបង្ការពងបែក
ការបង្ការតែងតែជាជម្រើសល្អបំផុត ដូច្នេះហើយនេះគឺជាអ្វីដែលអ្នកជំនាញណែនាំដើម្បីការពារមិនឱ្យពងបែកកើតមាន៖
សាកល្បងប្រើទ្រនាប់កែងជើង៖ ពងបែកដែលកើតឡើងនៅផ្នែកខាងក្រោយនៃជើងច្រើនតែជាលទ្ធផលពីផ្នែកកែងស្បែកជើងប៉ះផ្នែកខាងក្រោយនៃកែងខុសកន្លែង។ វេជ្ជ. Cowin និយាយថា “ដំណោះស្រាយគឺ ការដាក់ទ្រនាប់កែងជើងនៅគែមខាងក្រោយនៃស្បែកជើង”។
ពាក់ស្រោមជើង៖ ជាទូទៅ អ្នកគួរជៀសវាងម៉ូតណាដែលមិនប្រើស្រោមជើង។ វេជ្ជ. Cowin និយាយថា “អ្នកដែលប្រើស្បែកជើងម៉ូតនេះ ច្រើនតែឡើងពងបែកនៅជើងផ្នែកខាងក្រោយគ្រប់ពេល”។ គាត់ណែនាំថា អ្នកដែលចង់ប្រើស្បែកជើងប្រភេទនេះហើយមិនចង់ទទួលការឈឺចាប់ដែលជាលទ្ធផលនៃការប្រើវា គួរតែប្រើស្រោមជើងប្រភេទម្យ៉ាងដែលគ្របតែប្រអប់ជើងតែប៉ុណ្ណោះ។
ប្រើម្សៅ៖ វេជ្ជ. Conrad និយាយថា “ម្សៅគួរតែជាមិត្តរបស់មនុស្សគ្រប់គ្នា។ ចូរបង្កើតទម្លាប់ប្រើម្សៅលើជើងរបស់អ្នកជារៀងរាល់ថ្ងៃ”។
វេជ្ជ. Cowin និយាយថា “នៅពេលដែលមនុស្សយើងជួបប្រទះនឹងករណីដែលប្រើស្បែកជើងដែលត្រូវជើងហើយ ប៉ុន្តែនៅតែមានពងបែក ខ្ញុំនឹងផ្តល់ការណែនាំដ៏សាមញ្ញដល់គេគឺដោយការប្រើម្សៅកូនក្មេងយកទៅលាបលើជើងរបស់ពួកគេមុននឹងពាក់ស្រោមជើង។ វានឹងជួយឱ្យស្រោមជើងរំកិលបានល្អជាងមុន និងការពារមិនឱ្យកើតពងបែក”។
ប្រើ petroleum jelly ដើម្បីការពារ៖ ប្រសិនបើអ្នកគ្រោងនឹងដើរ រត់ លេងកីឡា ឬអ្វីក៏ដោយក្នុងរយៈពេលយូរ វិធីម្យ៉ាងដើម្បីការពារពងបែកជើងនៅពេលប្រើស្បែកជើងថ្មីគឺ លាបតំបន់ដែលងាយនឹងឡើងពងបែកជាមួយនឹង petroleum jelly។ វេជ្ជ. Conrad និយាយថា “វានឹងជួយកាត់បន្ថយការកកិត”។
វេជ្ជបណ្ឌិត Joseph Ellis និយាយថា ប្រេង A&D (ជាទូទៅប្រើសម្រាប់ការពារការរោលកន្ទបកូនក្មេង) មានជាតិរំអិលក្រាស់ជាង petroleum jelly។ គាត់និយាយថា “ជាតិរំអិលកាន់តែក្រាស់កាន់តែល្អ”។
សាកល្បងស្រោមជើងថ្មីសម្រាប់ស្បែកជើងថ្មី៖ វេជ្ជ. Ellis និយាយថា “ប្រសិនបើអ្នកទិញស្បែកជើងថ្មី ហើយវាបង្ករឱ្យមានពងបែក អ្វីដែលអ្នកត្រូវធ្វើដំបូងបំផុតគឺប្តូរស្រោមជើងថ្មី។ ខ្ញុំណែនាំឱ្យប្រើស្រោមជើងផលិតពី acrylic (មានលក់នៅតាមហាងសំភារៈកីឡា) ព្រោះវាផលិតឡើងជាច្រើនស្រទាប់ ដែលច្នៃឡើងសម្រាប់ការពារការកកិត”។
យកចិត្តទុកដាក់លើជើងនិងបាតជើង៖ អ្នកជំនាញរបស់យើងយល់ស្របថា ផលិតផលរបស់ម៉ាក Spenco ភាគច្រើនសុទ្ធតែល្អសម្រាប់បង្ការពងបែកជើង។ មួយក្នុងចំណោមផលិតផលល្អបំផុតគឺឧបករណ៍ម្យ៉ាងសម្រាប់បាតជើងដែលមានពពុះក្នុងនីត្រូហ្សែន។ វេជ្ជ. Cowin និយាយថា “វាបន្ថែមទ្រនាប់ខ្លះទៅក្រោមបាតជើង និងជួយឱ្យមានការរំកិលបានល្អជាងមុន ជំនួសនឹងការនៅជាប់មួយកន្លែងនិងបង្ករឱ្យមានពងបែក”។
ពេលដែលត្រូវរកគ្រូពេទ្យ៖ វេជ្ជ. Conrad និយាយថា “ចូរប្រញាប់ទៅរកគ្រូពេទ្យភ្លាមនៅពេលដែលអ្នកឃើញមានសញ្ញាដំបូងនៃការឆ្លងមេរោគ”។
វេជ្ជ. Starrett និយាយបន្ថែមថា “របួសភាគច្រើនមិនថាវាជារបួសអ្វីនោះទេ គួរតែជាសះស្បើយបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយការកើតពងបែកក៏ដូច្នោះដែរ។ ហើយសញ្ញានៃការឆ្លងមេរោគមានដូចជា ឡើងក្រហម ហើម ក្តៅ និងការកើនឡើងនៃការឈឺចាប់”។
“ពងបែកមួយដែលប្រាកដថាមានឆ្លងមេរោគគឺបង្ហាញឱ្យឃើញថាសារធាតុរាវដែលហូរចេញពីពងបែកនោះមិនថ្លាដូចទឹក ឬវាមានក្លិនមិនល្អ។ វាគឺជាពេលដែលអ្នកត្រូវឱ្យគ្រូពេទ្យជួយហើយ”។ប្រភព៖health