ដឹងទេថាផ្លែឈើអ្វីខ្លះអាចជួយឱ្យស្រកទម្ងន់និងបង្រួមទំហំចង្កេះរបស់អ្នកបាន? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើទាំងនោះ ៖
១. ក្រូចថ្លុង
ក្រូចថ្លុងមានផ្ទុកនូវអង់ស៊ីមដុតបំផ្លាញជាតិខ្លាញ់ក្នុងបរិមាណខ្ពស់។ អង់ស៊ីមទាំងនោះមិនត្រឹមតែជួយបង្កើនសកម្មភាពនៃការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបង្កើនថាមពលរបស់អ្នកបានផងដែរ។
២. ឪឡឹក
ឪឡឹកមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិទឹកខ្ពស់ដែលជួយអោយអ្នកឆាប់ឆ្អែត ឬឆ្អែតបានយូរ។ ឪឡឹកក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ arginine មានប្រសិទ្ធិភាពកាត់បន្ថយជាតិខ្លាញ់រាងកាយ ខណៈពេលជួយបង្កើនម៉ាសនៃសាច់ដុំគ្មានខ្លាញ់ផងដែរ។
៣. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់សុខភាពល្អ monounsaturated ប្រូតេអ៊ីន ជាតិសសៃ និងសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ចាំបាច់ជាច្រើនពិសេសកំឡុងពេលអ្នកព្យាយាមសម្រកទម្ងន់។ ផ្លែបឺរក៏ជាប្រភពនៃអាស៊ីតខ្លាញ់ oleic ដែលជួយធ្វើអោយអ្នកឆាប់ឆ្អែត និងបានយូរផងដែរ។
៤. ផ្លែទទឹម
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មរួមមានសារធាតុ anthocyanins សារធាតុ tannin និងសារធាតុ flavonoids ពិសេសសារធាតុ polyphenols ដែលជួយកាត់បន្ថយខ្លាញ់បង្កើនការដុតរំលាយអាហាររបស់រាងកាយជួយឱ្យគ្រប់គ្រងទម្ងន់បានយ៉ាងប្រសើរ។
៥. ត្រសក់ផ្អែម
មួយពែងនៃត្រសក់ផ្អែមដែលចិតរួចជាដុំៗមានផ្ទុកកាឡូរីត្រឹមតែ ៦០ កាឡូរីប៉ុណ្ណោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ថែមទៀតនោះ គឺផ្លែឈើនេះជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹកនិងសសៃដែលប្រសើរចំពោះសុខភាពនិងជួយគ្រប់គ្រងទម្ងន់។
៦. ផ្លែល្ហុង
ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ ផ្លែល្ហុងក៏មានផ្ទុកកាឡូរីទាបដែលជាជម្រើសដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ។ មួយពែងនៃល្ហុងទុំចិតរួចជាដុំៗមានផ្ទុកត្រឹមតែ ៦២ កាឡូរីប៉ុណ្ណោះ។
៧. ផ្លែចេក
ចេកក៏ជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរដោយវាមានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសារធាតុចិញ្ចឹមសំខាន់ៗខ្ពស់។ លើសពីនេះទៅទៀតផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយកម្រិតល្បឿនត្រឹមត្រូវនៃការរំលាយអាហារ។ ការទទួលទានចេកត្រឹមតែមួយផ្លែនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងថែមទាំងអាចជួយទប់ស្កាត់ដោះស្រាយបញ្ហាទល់លាមកទៀតផង៕