ភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថា ទម្លាប់មួយចំនួនអាចបង្កើន ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ឬ Depression។ ខាងក្រោមនេះជាទម្លាប់ដែលអ្នកគួរបញ្ឈប់ ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្ត ៖
១. ការទទួលទានអាហារកែច្នៃ
មិនត្រឹមតែជះផលប៉ះពាល់ លើសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានអាហារកែច្នៃ ក៏មិនល្អចំពោះសុខភាពផ្លូវចិត្តគួរឱ្យបារម្ភផងដែរ។ នេះក៏ព្រោះតែអាហារកែច្នៃ ភាគច្រើនមានផ្ទុកជាតិស្ករចម្រាញ់, សារធាតុ GMO’s, សារធាតុគ្លូទែន (Gluten) និងគ្រឿងផ្សំសិប្បនិម្មិតបន្ថែមរសជាតិផ្សេងទៀត អាចបង្កការរំខានដល់សារធាតុគីមី របស់ខួរក្បាលដែលនឹងនាំឱ្យ កើតមានជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះដើម្បីជាការប្រសើរ ចូរជ្រើសរើសទទួលទាន របបអាហារមានសុខភាពល្អ និងកុំភ្លេចញ៊ាំបន្លែផ្លែឈើផង ខណៈដែលការបដិសេធ មិនទទួលទានបន្លែនិងផ្លែឈើសោះក៏អាចបង្កើនហានិភ័យ នៃជំងឺបាក់ទឹកចិត្តគួរឱ្យកត់សម្គាល់។
២. ចំណាយពេលច្រើនលេងបណ្ដាញសង្គម
ការសិក្សាស្រាវជ្រាវជាច្រើន បានឱ្យដឹងថា ការចំណាយពេលច្រើនលើបណ្ដាញសង្គម អាចធ្វើឱ្យអ្នកងាយនឹងមាន អារម្មណ៍តានតឹង មិនសប្បាយចិត្ត ថប់បារម្ភ និងបង្កើនហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតរយៈពេលនៃ ការលេងទូរសព្ទរបស់អ្នក។
៣. មិនចំណាយពេលធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយសោះ
មនុស្សសឹងតែគ្រប់គ្នាដឹងហើយថា ការធ្វើលំហាត់ប្រាណ គឺំមិនត្រឹមតែជួយឱ្យអ្នកមានរូបរាង ស្រស់ស្អាតសុខភាពផ្លូវកាយល្អ ប្រសើរឡើយ ប៉ុន្តែក៏ធ្វើឱ្យអ្នកមាន អារម្មណ៍សប្បាយចិត្តផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញ ទៅដោយអ័រម៉ូនរីករាយនៅ ពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើន អាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍ របស់អ្នកជៀសផុតពីអាការៈនៃជំងឺធ្លាក់ទឹកចិត្ត។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយ ដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់ រក្សាអារម្មណ៍ស្រស់ស្រាយ។
៤. ការជក់បារី
មិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់សុខភាពសួតប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់នៃការជក់បារីក៏បង្កើន ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរលះបង់ចោលនូវទម្លាប់នេះ ដើម្បីរក្សាសុខភាពរាងកាយនិងផ្លូវចិត្តល្អប្រសើរ។
៥. នៅជាមួយអ្នកដែល មានគំនិតអវិជ្ជមាន
ថ្ងៃណាមួយអ្នកនឹងកើត ជំងឺធ្លាក់ទឹកចិត្តជាជាក់មិនខាន ប្រសិនបើមនុស្សជុំវិញខ្លួន អ្នកសុទ្ធតែមានគំនិតអវិជ្ជមាន, មិនផ្ដល់យោបល់ល្អៗបែរជារៀបរាប់តែរឿងរ៉ាវ ពិបាកនាំឱ្យធ្លាក់ទឹកចិត្ត។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា អ្នកងាយនឹងមានអារម្មណ៍ពិបាកចិត្តខ្លាំង ប្រសិនបើអ្នកចំណាយពេលនៅ ជាមួយអ្នកដែលគ្មានការគិតវិជ្ជមាន ហើយតែងនិយាយរឿងបាក់ទឹកចិត្ត លែងចង់រស់ប្រាប់អ្នកសឹងគ្រប់ពេល
៦. គេងច្រើនម៉ោងពេក
ជាញឹកញយ អ្នកដែលទទួលរងជំងឺធ្លាក់ទឹកចិត្ត គឺតែងជួបប្រទះបញ្ហានៃការគេង។ ជួនកាលចំពោះករណីខ្លះ អ្នកជំងឺគេងច្រើនលើសធម្មតា។ វាជាវដ្តដ៏គួរឱ្យព្រួយបារម្ភមួយ ក៏ព្រោះការគេងយូរអាចបណ្តាលឱ្យមានអារម្មណ៍ថា អស់សង្ឃឹម និងអស់កម្លាំង។ អ្នកគេងកាន់តែច្រើន ឬយូរ ហើយមិនចង់ងើបពីគ្រែនៅពេលព្រឹក ពិភពលោក ក៏ដូចជាទេសភាព បរិយាកាសខាងក្រៅ មិនធ្វើឱ្យអ្នកមានអារម្មណ៍រំភើប ឬស្រស់ស្រាយដូចធម្មតា ទាំងនេះហើយជារោគសញ្ញា បណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្ត។ កង្វះសកម្មភាពនៃរាងកាយ ក៏កាត់បន្ថយបរិមាណនៃអ័រម៉ូនរីករាយក្នុងខួរក្បាលផងដែរ។ ការគេងពេញមួយថ្ងៃធ្វើឱ្យអ្នក មិនអាចត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹក ដែលជាប្រភពដ៏ប្រសើរនៃវីតាមីន D ជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។
៧. ចូលគេងយប់ជ្រៅ
ទម្លាប់នៃការយប់ជ្រៅអាចបណ្ដាលឱ្យ អ្នកគេងមិនបានគ្រប់គ្រាន់។ ហើយការគេងមិនគ្រប់ក៏មាន ទំនាក់ទំនងផ្សារភ្ជាប់ជាមួយ ជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសុខភាពជាតិ របស់សហរដ្ឋអាមេរិក NCBI បានឱ្យដឹងថា អ្នកដែលគេងបានតិចជាង ៦ ម៉ោងរាល់យប់ គឺហាក់ដូចជាងាយនឹងវិវត្តទៅជា កើតជំងឺធ្លាក់ទឹកចិត្តច្រើនជាងអ្នក ដែលបានគេងគ្រប់គ្រាន់ដល់ទៅ ៥ ដងឯណោះ៕
ប្រភព៖ Health