ញូវយ៉ក៖ តាមការសិក្សាថ្មីមួយ បានវិភាគលើឯកសារផ្លាស់ប្តូរ អាកាសធាតុរាប់ម៉ឺន រកឃើញថាជាង ៩៩.៩ ភាគរយ នៃពួកគេយល់ស្របថា ការឡើងកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ពិតជាកំហុសរបស់មនុស្សជាតិ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សរុបការសិក្សាចំនួន ៨៨.១២៥ ដែលបានចេញផ្សាយពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០ ត្រូវបានពិនិត្យដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ Cornel នៅ Ithaca និងញូវយ៉កដើម្បីមើលថា តើពួកគេប៉ុន្មាននាក់ ដែលភ្ជាប់សកម្មភាពរបស់មនុស្ស ទៅនឹងអាកាសធាតុប្រែប្រួល ហើយស្វែងរកការមូលមតិគ្នា លើប្រធានបទនេះ។
វាបង្កើតឡើងលើការងារ នៃស្រាវជ្រាវឆ្នាំ ២០១៣ បានវិភាគឯកសារ វិទ្យាសាស្ត្រអាកាសធាតុទាំងអស់ ដែលបានចេញផ្សាយនៅចន្លោះឆ្នាំ ១៩៩១ និង ២០១២ ដោយរកបានការឯកភាពគ្នា ៩៧ ភាគរយ។ អ្នកស្រាវជ្រាវ Mark Lynas បាននិយាយថា យើងស្ទើរតែប្រាកដពីការមូលមតិគ្នា បានល្អជាង ៩៩ ភាគរយនៅពេលនេះ ដោយនិយាយថា វាត្រូវបានបិទសម្រាប់ការពិភាក្សា អំពីការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីមនុស្ស។
ការរកឃើញនេះកើតឡើង នៅពេលចក្រភពអង់គ្លេស ត្រូវបានរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទ ការប្រែប្រួលអាកាសធាតុ COP26 ដែលមេដឹកនាំពិភពលោកនឹងពិភាក្សា និងមានសក្តានុពល ក្នុងការបង្កើតកិច្ចព្រមព្រៀងថ្មី ស្របច្បាប់មានគោលបំណង រក្សាសីតុណ្ហភាព ពិភពលោកមិនឲ្យឡើងកម្ដៅ។ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បច្ចុប្បន្នបានកំណត់នៅក្នុងសន្និសីទ អង្គការសហប្រជាជាតិកាលពី ៥ ឆ្នាំមុនបានប្តេជ្ញាពិភពលោក ចំពោះសកម្មភាពរក្សាសីតុណ្ហភាព មិនឲ្យកើនឡើងលើសពី ១,៥ អង្សាសេ ។
ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីស្ថានភាពផ្លាស់ប្តូរអាកាសធាតុពិភពលោក ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ជាជាងអ្នកនយោបាយ ឬអ្នកអត្ថាធិប្បាយក្រុមនេះ បានពិនិត្យលើឯកសារកន្លងមក។ ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមដោយការពិនិត្យ លើគំរូចៃដន្យនៃការសិក្សា ចំនួន ៣,០០០ ពីសំណុំទិន្នន័យ នៃឯកសារអាកាសធាតុ ជាភាសាអង់គ្លេស ចំនួន ៨៨,១២៥ ដែលបានចេញផ្សាយពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២០ ៕ ដោយ៖លី ភីលីព