សុខភាព និង ផ្លូវភេទ

ឈប់បារម្ភទៅ! ឡើងមុន មែនទេ? ខំញ៊ាំខ្ទឹមស និងអាហារ ៥មុខនេះភ្លាម

របបអាហារជះឥទ្ធិពលគួរឱ្យ​ កត់សម្គាល់លើសុខភាពរាងកាយ ព្រមទាំងសម្រស់ ជាពិសេសបញ្ហាមុន។ ប្រសិនបើចង់កម្ចាត់មុនឱ្យអស់ពីស្បែកគួរធ្វើបែបណា? មិនពិបាកឡើយ! ខាងក្រោមនេះជា របបអាហារដែលអ្នកគួរ ប្រកាន់ខ្ជាប់បើចង់កម្ចាត់មុន ៖

១. តែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate (EGCG) ដែលមានអត្ថប្រយោជន៍ណាស់ ក្នុងការកាត់បន្ថយការផលិតជាតិប្រេងលើសរបស់ស្បែក។ ជាលទ្ធផលទប់ស្កាត់កាត់បន្ថយបញ្ហាឡើងមុន។ ដើម្បីទទួលបានប្រសិទ្ធិភាព កាន់តែប្រសើរ ចូរទទួលទានតែបៃតងជាប្រចាំ និងប្រើប្រាស់វាជារូបមន្តធម្មជាតិកម្ចាត់មុន។ អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែបៃតង ១ កញ្ចប់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។ អ្នកក៏អាចគ្រាន់តែប្រើប្រាស់ ក្រណាត់ស្អាតជ្រលក់ក្នុងតែបៃតង រួចលាបផ្ទាល់លើតំបន់ ស្បែកដែលងាយកើតមុន និងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០នាទី។

២. បន្លែបៃតង

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំង អុកស៊ីតកម្មអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ដែលបង្កការបំផ្លាញដល់ស្បែក និងនាំឱ្យកើតមុន។ អ្នកក៏គួរព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបជាដើមក្នុងរបបអាហារប្រចាំថ្ងៃផង ខណៈដែលវាមានផ្ទុក សម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលរាងកាយ ត្រូវការចាំបាច់សម្រាប់រក្សា បាននូវស្បែកភ្លឺរលោងមានសុខភាពល្អ។

៣. ខ្ទឹមស

ពេលខ្លះរោគមុនក៏អាចកើតឡើង ដោយសារប្រតិកម្មឆ្លើយតប របស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយ រួមបញ្ចូលទាំងសារធាតុ allicin។ អ្នកអាចគ្រាន់តែដុសចំនិតខ្ទឹមសស្រស់ៗលើមុន ឬបុកខ្ទឹមសឱ្យម៉ដ្ឋយកទឹកខ្ទឹមសស្រស់លាបម៉ាស្សាលើមុន រួចលាងសម្អាតចេញជាមួយ ទឹកសម្អាតនិងសាប៊ូកម្រិតស្រាល។

៤. ត្រីសម្បូរខ្លាញ់

ដូចជាត្រីសាលម៉ុន និងត្រីសាឌីនជាដើមមាន ផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ សុខភាពល្អដូចជាអូមេហ្កា ៣ និងអូមេហ្កា ៦ ដែលទទួលខុសត្រូវសម្រាប់បន្ថយការរលាក ដែលបណ្ដាលឱ្យកើតមុន។

៥. អយស្ទ័រ

អាហារមានផ្ទុកសម្បូរទៅ ដោយសារធាតុចិញ្ចឹមស័ង្កសី ដែលកាត់បន្ថយការរលាក និងគ្រប់គ្រងបាក់តេរីដែលបង្កមុន។ វាក៏គ្រប់គ្រងសារធាតុ keratin និងកម្រិតនៃអ័រម៉ូនស្ត្រេស ក្នុងរាងកាយផងដែរ។ កម្រិតនៃជាតិស័ង្កសីខ្ពស់ក្នុងអយស្ទ័រ ក៏ជួយពន្លឿនភាពជាសះស្បើយនៃរបួសផ្សេងៗគួរឱ្យកត់សម្គាល់។

៦. គ្រាប់ធញ្ញជាតិ

ក្នុងករណីខ្លះ មុនបណ្ដាលមកពីការទទួលទាន អាហារសម្បូរជាតិស័ង្កសី, វីតាមីន E, ម៉ង់កាណែស និងសេលេញ៉ូម។ គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ទាំងនេះរួមបញ្ចូលទាំងជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, ទង់ដែង និងប៉ូតាស្យូមទៀតផង។ វាក៏ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទាន គ្រាប់ធញ្ញជាតិច្រើនជាងមួយក្ដាប់ដៃក្នុងមួយថ្ងៃ និងគ្រាប់ធញ្ញជាតិ ដែលចម្អិនជាមួយប្រេង ឬខ្លាញ់ឡើយ។

ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើម នៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើង ចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែក ត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក ដែលទប់ស្កាត់បញ្ហាមុនគួរ​ឱ្យកត់សម្គាល់។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមាន បំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ប្រភព៖ Health

Most Popular

To Top