ទោះបីគ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលមានជាតិសសៃទាបក៏ពិតមែន ប៉ុន្តែវាមានផ្ទុកនូវវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ចាំបាច់សម្រាប់សុខភាព រាងកាយជាច្រើន។
១. ទប់ស្កាត់ជំងឺមហារីក
គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់ នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ពីរាងកាយផងដែរ។
២. ពង្រឹងសុខភាពឆ្អឹង
គ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាន នូវភាពរឹងមាំល្អប្រសើរ។ នេះក៏ព្រោះតែគ្រាប់ស្ទាយចន្ទី គឺមានផ្ទុកនូវជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូម ដែលជាប្រភពដ៏ល្អបំផុត នៃសុខភាពឆ្អឹងល្អរឹងមាំ។
៣. ជួយក្នុងការសម្រកទម្ងន់
ទោះបីជាគ្រាប់ស្វាយចន្ទី មានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជាតិខ្លាញ់ដែលវាមានផ្ទុក គឺជាប្រភេទនៃជាតិខ្លាញ់ល្អ។ ការសិក្សាស្រាវជ្រាវ ជាច្រើនបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានគ្រាប់ ធញ្ញជាតិយ៉ាងហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនឡើងទម្ងន់ឡើយ បើធៀបទៅនឹងអ្នកដែលមិនទទួលទាន។ ដូច្នេះចូរបន្ថែមគ្រាប់ស្វាយចន្ទី ចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ទោះជាយ៉ាងណា អ្នកគួរបរិភោគវាក្នុងកម្រិតមធ្យម បែបជាអាហារសម្រន់។
៤. បង្កើនសុខភាពបេះដូង
គ្រាប់ស្វាយចន្ទី អាចជួយពង្រឹងបង្កើន សុខភាពបេះដូងរបស់ អ្នកបានយ៉ាងប្រសើរ។ វាមានផ្ទុកនូវជាតិអាស៊ីត oleic ដែលជាអាស៊ីតប្រភេទតែមួយ ដែលមានក្នុងប្រេងអូលីវ។ អាស៊ីត oleic ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់គ្លីសេរីដ ដែលជាតិខ្លាញ់នេះច្រើនផ្សារ ភ្ជាប់ជាមួយការចាប់ផ្ដើមកើតមានជំងឺបេះដូង។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិ គ្មានផ្ទុកជាតិកូឡេស្តេរ៉ូល ប៉ុន្តែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការទប់ស្កាត់ ជំងឺសសៃឈាមបេះដូង។
៥. សុខភាពឈាម
ជាតិទង់ដែក និងជាតិដែក ដែលមានផ្ទុកនៅក្នុងគ្រាប់ស្វាយចន្ទី ធ្វើការរួមគ្នាជួយរាងកាយបង្កើត និងប្រើប្រាស់កោសិកាឈាមក្រហម។ ដំណើរការនេះជួយសសៃឈាម, សសៃប្រសាទ, ប្រព័ន្ធភាពស៊ាំ និងឆ្អឹង ឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ ក៏ដូចជាដំណើរការមុខងារបានត្រឹមត្រូវ ៕