ព័ត៌មានអន្តរជាតិ

សិង្ហបុរី ទើបតែទទួលបានគ្រាប់ថ្នាំព្យាបាល ជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ជាលើកដំបូង

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា សិង្ហបុរីបានទទួលថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ជាក្រុមដំបូងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់លេបចូលតាមមាត់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកជំងឺពេញវ័យដែលមានហានិភ័យនៃជំងឺធ្ងន់ធ្ងរ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ong Ye Kung បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាល Facebook កាលពីថ្ងៃសៅរ៍ថា “កញ្ចប់ទីមួយនៃ Paxlovid បានមកដល់ច្រាំងសមុទ្ររបស់យើងក្នុងសប្តាហ៍នេះ” ។

“នេះគឺជាថ្នាំប្រឆាំងមេរោគដែលលេបចូលតាមមាត់ដំបូងគេដែលត្រូវបានអនុម័តសម្រាប់ការព្យាបាលការឆ្លងមេរោគកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី ។ លោកបានបន្ថែមថា វានឹងត្រូវបានចេញវេជ្ជបញ្ជា និងផ្តល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩ធ្ងន់ធ្ងរ” ។

“ជាមួយនឹងជម្រើសនៃការព្យាបាលកាន់តែច្រើន ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការផ្តល់ការថែទាំល្អដល់ប្រជាជនសិង្ហបុរីដែលឆ្លងកូវីដ-១៩” ៕

Most Popular

To Top