ដើម្បីជៀសវាងការប្រើប្រាស់កំដៅ និង ថ្នាំអ៊ុតត្រង់ ដែលងាយធ្វើឲ្យសក់ខូច អ្នកគួរតែប្តូរមកប្រើប្រាស់វីធី ដែលអាចធ្វើឲ្យសក់របស់អ្នក មានសុខភាពល្អជាងមុនវិញ។
សក់ត្រង់គឺជាស្តាយសក់ដែលងាយស្រួល និងស្រស់ស្អាតគួរឲ្យទាក់ទាញ។ ទោះបីជាយ៉ាងណាក្តី មានវិធីយ៉ាងច្រើនដែល អាចធ្វើឲ្យសក់ត្រង់បាន ដែលក្នុងនោះរួមមាន ការប្រើថ្នាំអ៊ុតសក់ និង កំដៅនៃម៉ាស៊ីនគាបសក់ ដោយវិធីទាំងនេះ អាចបំផ្លិចបំផ្លាញដល់សុខាភាព សក់របស់អ្នកយ៉ាងឆាប់រហ័ស។
ជាភ័ព្ធសំណាង ក៏នៅមានវិធីដ៏ល្អមួយចំនួនទៀត ដែលអាចធ្វើឲ្យសក់រួញ ឬ រលករបស់អ្នកបែ្រជាត្រង់ បានតាមបែបធម្មជាតិ និងមានសុខភាពល្អ ដោយមិនចាំបាច់ប្រើកំដៅ និងថ្នាំគីមី ដែលនៅក្នុងនោះរួមមាន៖
១. សិតសក់សើមរបស់អ្នករហូតដល់ស្ងួត
បន្ទាប់ពីកក់សក់រួច អ្នកគួរតែសិតសក់របស់អ្នករៀងរាល់ ៥នាទីម្តង រហូតទាល់តែស្ងួត ដោយអ្នកអាចអង្គុយនៅមុខកង្ហារ រួចសិតសក់ថ្នម ដែលងាយធ្វើឲ្យសក់ឆាប់ស្ងួត។
២. រមូលសក់របស់អ្នក
អ្នកគួរប្រើប្រាស់ក្រាស់សិតសក់រាងមូល ដើម្បីចាប់ទាញសក់សើម របស់អ្នកពីស្បែកក្បាលចុះមកក្រោម មួយៗ និង ថ្មមៗ ក្នុងរយៈពេល ៥នាទីម្តង ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់ទឹករលករបស់ អ្នកប្រែជាត្រង់បន្តិចម្តងៗបាន។
៣. បង្កើតថ្នាំអ៊ុតសក់ត្រង់តាមធម្មជាតិ
អ្នកអាចបង្កើតថ្នាំអ៊ុតសក់ត្រង់ ដោយផ្សំទឹកដោះគោជាមួយនឹង ទឹកឃ្មុំ។ អ្នកត្រូវយកទឹកដោះគោមួយពែងកាហ្វេ លាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយ ដោយកូរវាឲ្យសព្វល្បាយ រួចយកមកលាបលើ សក់ឲ្យជោគដល់ស្បែក ក្បាល។ ទុកចោលរយៈពេល មួយម៉ោង មុនពេលលាងជំរះចេញ។
ការធ្វើបែបនេះមិនត្រឹមតែអាចជួយ ឲ្យសក់របស់អ្នកត្រង់តាមបែប ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងអាចជួយឲ្យសក់របស់អ្នក មានសុខភាពល្អទៀតផង។