ជំងឺដាច់សរសៃឈាមខួរក្បាល ដែលភាសាបច្ចេកទេសហៅថា (stroke) គឺមូលហេតុចម្បងដែលអាចបណ្តោល ឲ្យអ្នកជំងឺត្រូវពិការភាព ឬក៏ស្លាប់ ជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមជំងឺ ដ៏កាចសាហាវផ្សេងៗទៀត។
ក្នុងពេលបច្ចុប្បន្ននេះ ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងតែកើនឡើងយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយសូម្បីតែមនុស្សវ័យក្មេងក៏អាចកើតមានដែរ។ អ្វីដែលគួរឲ្យបារម្ភខ្លាំងបំផុតនោះ ដោយសារតែខ្វះការយល់ដឹង ទើបអ្នកជំងឺជាច្រើនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញយឺតពេល ហើយប្រឈមនឹងការស្លាប់។
តែទោះជាយ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាល អាចការពារបាន ប្រសិនបើអ្នកព្យាយាមអនុវត្តតាម វិធីសាស្ត្រដូចខាងក្រោម៖
-គ្រប់គ្រងការទទួលរបបអាហារ អ្នកគួរតែកាត់បន្ថយអាហារ ដូចជាគ្រឿងក្នុងសត្វ និងអាហារដែលប្រើវិធីចម្អិន ដោយបំពង ឬចៀន ព្រោះវាមិនត្រឹមតែធ្វើឲ្យ អ្នកធាត់លើទម្ងន់នោះទេ សូម្បីតែសរសៃឈាមខួរក្បាល ក៏ប្រឈមការស្ទះដាច់ផងដែរ។
-ផ្ទុយទៅវិញ អ្នកគួរតែទទួលទានពោត សណ្តែក ស្រូវលាឡី ផ្លែប៉ោម ប៉េងប៉ោះ និងបន្លែពណ៌ខៀវជាច្រើនទៀត ដែលមានផ្ទុកជាតិម៉ាញ៉េស្យូម ដើម្បកាត់បន្ថយហានិភ័យ នៃជំងឺដាច់សរសៃឈាមខួរក្បាល។
-កំណត់ការទទួលទានគ្រឿងស្រវឹង នៅពេលដែលអ្នកបរិភោគជាតិអាល់កុល ក្នុងខ្លួនរបស់អ្នកនឹង មានបរិមាណនៃជាតិខ្លាញ់ លីពីត កើនឡើងខ្ពស់ ដែលបណ្តោលឲ្យមាន ជំងឺសរសៃឈាមខួរក្បាល។ បុរសមិនគួរផឹកស្រាលើសពី ២៥ក្រាម ហើយស្ត្រីមិនគួរផឹកលើសពី ១៥ក្រាមក្នុងមួយថ្ងៃឡើយ។
-ឈប់ជក់បារីការជក់បារី អាចបង្កើនជាតិពុលក្នុងឈាម ប្រមូលផ្តុំប្លាកែត និងបណ្តោលឲ្យកកឈាម នៅតាមបណ្តោលផ្នែកផ្សេងៗ យ៉ាងងាយ។ ហេតុនេះ អ្នកគួរតែប្រុងប្រយ័ត្ន ព្រោះវាក៏អាចប៉ះពាល់ដល់ សរសៃឈាមខយរក្បាលផងដែរ។
-ព្យាយាមធ្វើលំហាត់ប្រាណក្នុងមួយសប្តាហ៍ អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានពី ៣ ទៅ ៥ដង ដូចជារត់យឺតៗ ជិះកង់ រាំ ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួន។ វិធីមួយនេះ ក៏អាចជួយឲ្យសរសៃឈាមរត់បានល្អ និងជៀសផុតពីបញ្ហាខ្លាញ់ក្នុងសរសៃឈាម។
-ចំពោះអ្នកដែលមានជំងឺលើសឈាម គួរតែកាត់បន្ថយការទទួលទាន អាហារដែលមានជាតិស្ករ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា។ មួយវិញទៀត អ្នកមិនត្រូវធ្វើរឿងរន្ធត់ៗ ដូចជារំភើប ឬតក់ស្លុកនោះទេ ព្រោះវាអាចនាំឲ្យរំញោចដល់សរសៃប្រសាទ ដែលធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់៕