សុខភាព និង ផ្លូវភេទ

ចង់​បញ្ឈប់​ជំងឺញៀន​ទូរសព្ទ មកដឹងវិធីទាំងនេះបាន!

ញៀន​នឹង​ការ​ចុច​ទូរសព្ទ​មិន​ខុស​ពី​ជំងឺ​ដ៏​កាច​សហាវ​មួយ ដែល​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ខាត​ពេល​វេលា រហូត​ឈាន​ដល់​ជួប​បញ្ហា Stress ប្រសិន​បើ​អ្នក​ប្រើប្រាស់​ច្រើន​លើសលប់។ ផ្អែក​តាម​អ្នក​ជំនាញ Larry Rosen ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា​និង​អ្នក​និពន្ធ​ក្នុង​ស្ថាប័ន The Distracted Mind បាន​បង្ហើប​នូវ​គន្លឹះ​ប៉ុន្មាន​ចំណុច ដើម្បី​បញ្ឈប់​អ្នក​ពី​បញ្ហា​ខាង​លើ។​

១.ដាក់​ពេលវេលា​កំណត់​ដល់​ខ្លួន​ឯង:

ត្រូវ​ទម្លាប់​ខ្លួន​ឯង​ថា​ប៉ុន្មាន​នាទី អ្នក​អាច​ចុច​ទូរសព្ទ​ម្ដង ឧទាហរណ៍ ១៥ នាទី ឡើង​ដល់ ៣០ នាទី ឬ ៤៥ នាទី រហូត​ដល់ ១ ម៉ោង ហើយ​ចំណាយ​ពេល​ត្រឹម ១ ទៅ ២ នាទី ដើម្បី​ឆែក​មើល​ស្មាតហ្វូន និង​ត្រូវ​ប្រាប់​ទៅ​កាន់​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជា​មុន ថា​អ្នក​ពុំ​មាន​ពេល​វេលា​ឆ្លើយ​តប​សារ​ភ្លាមៗ​នោះ​ទេ ប្រសិន​ពួក​គេ​ទាក់ទង​មក។​​​

២.បិទ​ចោល​នូវ Notification គ្រប់​បែប​យ៉ាង:

អ្នក​មិន​ចាំ​បាច់​ត្រូវ​អង្គុយ​រាប់​ចំនួន Like ឬ​តាម​ដាន Comment គ្រប់​រូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ម្ល៉ោះ​ជម្រើស​ល្អ​បំផុត​ត្រូវ​ចូល​ទៅ Settings នៃ​ឧបករណ៍ > មើល​ត្រង់​កន្លែង Notifications ហើយ​ធ្វើ​ការ​បិទ​ចោល​នូវ​កម្មវិធី​ដែល​អ្នក​ទម្លាប់​លេង​ជា​ញឹកញយ។​

៣.ទាញ​ App ទៅ​ឲ្យ​ឆ្ងាយ​ពី​ភ្នែក:

អ្នក​អាច​ទាញ (Move) កម្មវិធី​ដែល​អ្នក​ញៀន​នឹង​ប្រើប្រាស់ ចូល​ទៅ​ក្នុង Folder មួយ​នៃ​ទំព័រ​ទី​ពីរ បែប​នេះ​ធ្វើ​ឲ្យ​អ្នក​រាល់​ពេល​បើក​ទូរសព្ទ​មក លើ Homescreen នឹង​មិន​ឃើញ icon កម្មវិធី​នោះ​ទេ បែប​នេះ​ជួយ​ឲ្យ​ចំណង់​នៃ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​បាន​មួយ​កម្រិត​ដែរ។

៤.កុំ​ដាក់​ទូរសព្ទ​លើ​ក្បាល​ដំណេក:

ហាម​ដាច់​ខាត​ទម្លាប់​ចុច​ទូរសព្ទ​នៅ​ពេល​យប់​មុន​ចូល​ដំណេក ឬ​បើក​មើល​ពេល​ព្រឹក​ព្រលឹម ចំណុច​នេះ​ហើយ ទើប​ចាំ​បាច់​អ្នក​ត្រូវ​ដាក់​ទូរសព្ទ​លើ​តុ​ឬ​ទីតាំង​ដែល​ឆ្ងាយ​ពី​គ្រែ។ ក្នុង​ការ​កំណត់​ម៉ោង​រោទ៍ អ្នក​អាច​ប្រើ​នាឡិកា​រោទ៍​ធម្មតា ប្រសើរ​ជាង​ការ​កំណត់​ក្នុង​ស្មាតហ្វូន។​

៥.បើក​មុខងារ Grayscale ក្នុង​ស្មាតហ្វូន:

ក្នុង​គោលដៅ​កាត់​បន្ថយ​ចំណង់​នៃ​ភ្នែក អ្នក​ត្រូវ​ប្រើ​មុខងារ Grayscale ដែល​ធ្វើ​ឲ្យ​សភាព​នៃ​អេក្រង់​ទាំង​មូល​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​រាង​ស្រអាប់។ ពណ៌​ចែងចាំង​នៃ​ផ្ទៃ​កម្មវិធី​ឬ​ទិន្នន័យ​ក្នុង​បណ្ដាញ​សង្គម នឹង​លែង​ឲ្យ​អ្នក​ចង់​មើល​ទៀត​ហើយ។​

​​ដើម្បី​ដំណើរការ​មុខងារ​នេះ​បាន សម្រាប់ iPhone យើង​ចូល​ទៅ Accessibility > Display Accommodations ហើយ​បើក​មុខងារ Color Filters ខណៈ SAMSUNG ស្វែងរក​មុខងារ Vision ហើយ​បើក Grayscale។ Source: Sabay

Most Popular

To Top