កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូង Bi Rain បានប្តេជ្ញាចិត្តជាង ២០ ឆ្នាំក្នុងការធ្វើលំហាត់ប្រាណខ្លាំង ដើម្បីទទួលបានជោគជ័យក្នុងអាជីពរបស់លោក និងការពារជំងឺទឹកនោមផ្អែម ដែលជាជំងឺបានឆក់យកជីវិតម្តាយរបស់លោកតាំងពីលោកនៅតូច។
ថ្លែងនៅថ្ងៃទី ២ ខែសីហាក្នុងបទសម្ភាសន៍ជាមួយ Spotv News អំពីការវិលត្រឡប់របស់លោកមកកាន់ទស្សន៍ក្នុងរឿង “Red Swan” កំពូលតារាចម្រៀងកូរ៉េ Bi Rain អាយុ ៤២ ឆ្នាំបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោកចំពោះកាយសម្បទា។
លោកបានបន្តថា ខ្ញុំហាត់ប្រាណប្រហែលមួយម៉ោងជារៀងរាល់ថ្ងៃដោយមិនសម្រាក ដោយសារឆ្អឹងខ្ចីជង្គង់ខាងឆ្វេងរបស់ខ្ញុំស្ទើរតែអស់ទៅហើយ ប៉ុន្តែបន្ទាប់ពីលោកស្វែងរកជំនួយពីគ្រូពេទ្យ ខ្ញុំបានធ្វើឲ្យសាច់ដុំមានចលនាខ្លាំងគួរសមអាចឈ្នះលើបញ្ហានេះ និងធ្វើឲ្យមានផាសុកភាពល្អកាន់ប្រសើរឡើងខ្លះៗ ។
លោក Jung Ji Hoon ត្រូវបានគេស្គាល់ថា ជា Bi Rain ជាតារាសម្តែងដ៏ល្បីរបស់កូរ៉េខាងត្បូង ហើយត្រូវបានសាទរចំពោះការងាររបស់លោកនៅក្នុងវិស័យភាពយន្ត ទូរទស្សន៍ និងតន្ត្រី។ ថ្មីៗនេះលោកទទួលបានការចាប់អារម្មណ៍សម្រាប់តួនាទីរបស់លោកក្នុងរឿង “Red Swan” ជាមួយតារាសម្តែងកូរ៉េខាងត្បូង Kim Ha Neul ។
យោងតាមគេហទំព័រ Lifestyle Asia បានឲ្យដឹងថា លោក Bi Rain បានចាប់ផ្តើមស្នេហាជាមួយភរិយារបស់លោកគឺនាង Kim Tae Hee ក្នុងឆ្នាំ ២០១៣ ហើយរៀបការជាមួយនាងនៅឆ្នាំ ២០១៧ ហើយពួកគេមានកូន ២ នាក់ដែលកើតនៅឆ្នាំ ២០១៧ និង ២០១៩ ៕