សុខភាព និង ផ្លូវភេទ

ការសាកល្បងរបស់ NHS នឹងផ្តល់លំពែងសិប្បនិម្មិត ដល់អ្នកជំងឺទឹកនោមផ្អែម ១.០០០ នាក់ ដើម្បីធ្វើតេស្តិ៍

អង់គ្លេស៖ ប្រធាន NHS បានមានប្រសាសន៍ថា អ្នកជំងឺទឹកនោមផ្អែម ចំនួន១.០០០ នាក់ នឹងត្រូវបានផ្តល់ឲ្យ លំពែងសិប្បនិម្មិត ជាផ្នែកមួយនៃគ្រោងការណ៍សាកល្បង ប្រសិនបើវាអាចជួយការពារ ការវាយប្រហារដោយការ ចុះជាតិស្ករក្នុងឈាម ដែលគំរាមកំហែងដល់អាយុជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រភេទ ១ នឹងអាចប្រើឧបករណ៍ ដែលវាស់កម្រិតគ្លុយកូស របស់មនុស្សម្នាក់ ជាបន្តបន្ទាប់ និងបញ្ជូនអាំងស៊ុយលីនដោយផ្ទាល់ ទៅក្នុងចរន្តឈាម ធ្វើឲ្យមានតុល្យភាព កម្រិតជាតិស្ករក្នុងឈាម ដោយស្វ័យប្រវត្តិ។

លោក Sir Simon Stevens នាយកប្រតិបត្តិបានប្រាប់សន្និសីទ របស់ NHS Confederation ថា អ្នកជំងឺរហូតដល់ ១.០០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ ពីការធ្វើតេស្តិ៍នៃបច្ចេកវិទ្យាច្នៃប្រឌិត។
ឧបករណ៍ទាំងនេះ អាចជួយលុបបំបាត់ ការធ្វើតេស្តិ៍ទឹកនោមផ្អែម ដែលចាក់ម្រាមដៃ និងជួយការពារ ការវាយប្រហារ ដោយការចុះជាតិស្ករក្នុងឈាម ដែលគំរាមកំហែង ដល់អាយុជីវិត។

លោក Sir Simon បានបន្តថា បច្ចេកវិទ្យានេះគ្រាន់តែជាឧទាហរណ៍មួយ នៃភាពច្នៃប្រឌិតថ្មីមួយ នៅតែបន្តឆ្លងកាត់ សេវាសុខាភិបាល។

លោកបានបន្ថែមថា ការរស់នៅជាមួយជំងឺទឹកនោមផ្អែម គឺជាបញ្ហាប្រឈមប្រចាំថ្ងៃ សម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសអង់គ្លេស ហើយបច្ចេកវិទ្យានេះមានសក្តានុពល ក្នុងការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ចំពោះជីវិតរបស់ពួកគេ ចំណែកការបង្កើតថ្មីនេះ គឺជាឧទាហរណ៍សំខាន់មួយ នៃឯកសារការរីកចម្រើន ជាបន្តរបស់ NHS។

សាស្រ្តាចារ្យ Partha Kar ជាអ្នកជំនាញ ខាងជំងឺទឹកនោមផ្អែម NHS បានបន្ថែមថា មួយរយឆ្នាំក្រោយការរកឃើញអាំងស៊ុយលីន“ លំពែងសិប្បនិម្មិត” គឺជាការវិវឌ្ឍន៍ប្រកបដោយបដិវត្ត ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម។ NHS បានឈានមុខគេ ជាយូរមកហើយនៃការជឿនលឿន ផ្នែកវេជ្ជសាស្រ្ត ក្នុងការថែរក្សាជំងឺសំខាន់ៗ រួមទាំងជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំងឺមានជីវិតយូរ និងមានសុខភាពល្អ៕ ដោយ៖លី ភីលីព

Most Popular

To Top