ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក FredHuchinson Cancer នៅក្នុងទីក្រុងស៊ីអេថល សហរដ្ឋអាមេរិក បានឲ្យដឹងថាអ្នកទទួលទានថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំនឹងមានអាត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើង ដោយគេជឿថាមកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេននៅក្នុងថ្នាំប៉ារ៉ាសេតាមុល។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផលនៃការសិក្សាទៅលើអ្នក ជំងឺមហារីកគ្រាប់ឈាម ម្នាក់ៗមានការណែនាំថាជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែកការសិក្សាថ្មីដែលយោងទៅតាមការធ្វើតេសទៅលើក្រុមអ្នកស្ម័គ្រចិត្តទាំងបុរសនិងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥០០០នាក់ ដោយពួកគេបានប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំព្រមទាំងមានការពិនិត្យនឹងតាមដានស្ថានភាពសុខភាពយ៉ាងច្បាស់លាស់។
លទ្ធផលបានបង្ហាញឲ្យឃើញថាអ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយកើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីកក្រពេញទឹករង៉ៃដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង។
ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានអ្នកស្ម័គ្រចិត្តចំនួនជាង៩ភាគរយ ក្នុងក្រុមដែលមានជំងឺមហារីកធ្លាប់ប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមកបើប្រៀបធៀបនឹងអ្នកមិនកើតជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។
នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺមហារីកគ្រាប់ឈាម ឃើញថាអ្នកប្រើប្រាស់ថ្នាំសេតាមុលជាប្រចាំមានអត្រាប្រឈមនឹងជំងឺមហារីកគ្រាប់ឈាមកើនឡើងខ្ពស់ដល់ទៅជិត២ដងឯណោះ។
ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថានៅពេលនេះនៅមិនទាន់មានការពិសោធន៍ទេថាជាតិថ្នាំអាសេតាមីណូហ្វេនគឺជាមូលហេតុនៃជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការសិក្សាបន្ថែមទៀតមុននឹងយកលទ្ធផលស្រាវជ្រាវនេះទៅពិចារណាក្នុងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទនេះ។
ដោយ៖ ហង្ស សុបញ្ញា
