បរទេស៖ប្រទេសអ៊ីស្រាអែល នៅថ្ងៃ ចន្ទនេះ តាមសេចក្តីរាយការណ៍ ទើបបានបាញ់បង្ហោះផ្កាយរណបចារកម្មមួយ ដែលខ្លួននិយាយថា នឹងផ្តល់ឲ្យនូវការឃ្លាំមើលប្រកប ដោយភាពល្អឥតខ្ចោះ សម្រាប់ការស៊ើបការណ៍ សម្ងាត់យោធារបស់អ៊ីស្រាអែល។
យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសអ៊ីស្រាអែល បាននិងកំពុងតែបង្កើន សមត្ថភាពស៊ើបការណ៍របស់ខ្លួន ដើម្បីឃ្លាំមើលសត្រូវនានា ដូចជាប្រទេសអ៊ីរ៉ង់ជាដើម ដែលមានកម្មវិធីនុយក្លេអ៊ែត្រូវ គេមើលឃើញថា ជាការគម្រាមកំហែងដ៏ធំ។
គួរបញ្ជាក់ថា ផ្កាយរណប ឈ្មោះ Ofek 16 នេះ ត្រូវបានបាញ់បង្ហោះចូលទៅក្នុងលំហ នៅព្រឹកថ្ងៃចន្ទនេះ ពីទីតាំងមួយស្ថិតនៅកណ្ដាលប្រទេស អ៊ីស្រាអែល ដោយរ៉ុកកែត Shavit ដែល អភិវឌ្ឍឡើងក្នុងស្រុក ហើយគ្រាប់រ៉ុកកែតនេះ ក៏ធ្លាប់ប្រើបាញ់បង្ហោះផ្កាយរណប Ofek ពីមុនផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង
