ឌុបៃ ៖ សារព័ត៌មាន បរទេស នៅថ្ងៃនេះបានសរសេរថា ប្លុកប្រទេសចំនួន ៦ នៃប្រទេសអារ៉ាប់ នៅឈូងសមុទ្រ ហ្គោល្វ បាននាំគ្នាធ្វើការបង្ហាញ ការគាំទ្រឲ្យមានការពន្យារ ពេលការដាក់ទណ្ឌកម្មសព្វាវុធ របស់អង្គការសហប្រជាជាតិ ទៅលើប្រទេសអ៊ីរ៉ង់ ដែលបច្ចុប្បន្ននៅសល់តែរយៈពេលតែពីរ ខែប៉ុណ្ណោះមុនពេល ដែលវានឹងត្រូវផុតកំណត់។
ក្រុមប្រឹក្សាសហប្រតិបត្តិការឈូង សមុទ្រហ្គោល្វ ដែលហៅកាត់ថា GCC កាលពីថ្ងៃអាទិត្យបានផ្ញើលិខិតមួយ ទៅក្រុមប្រឹក្សា សន្តិសុខ ដើម្បីងបង្ហាញពីការគាំទ្រ ការពន្យារពេលការហាមឃាត់អាវុធ ដែលនឹងអាចរារាំងអ៊ីរ៉ង់ពីការទិញអាវុធ ផលិតដោយបរទេស ដូចជាយន្តហោះចម្បាំងរថក្រោះនិងនាវាចម្បាំងជាដើម។
GCC ដែលរួមមានប្រទេសបារ៉ែនគុយវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមអេមីរ៉ាត អារ៉ាប់រួម បានចោទប្រកាន់អ៊ីរ៉ង់ថា មិនបានបញ្ឈប់ឬចាកចេញ ពីអន្តរាគមន៍អាវុធ នៅក្នុងប្រទេសជិតខាង ដោយផ្ទាល់និងតាមរយៈអង្គការ និងចលនាដែលប្រដាប់ដោយ និងបណ្តុះបណ្តាលដោយអ៊ីរ៉ង់ផ្ទាល់៕
ប្រែសម្រួល៖ស៊ុនលី
