បរទេស៖សហរដ្ឋអាមេរិកនិងសហភាពអារ៉ាប់រួម មានក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបឋមមួយ ស្តីពីការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ឲ្យទៅប្រទេសនៅតំបន់ឈូងសមុទ្រ នៅក្នុងខែធ្នូខាងមុខនេះ ស្របពេលដែលរដ្ឋបាលលោក ត្រាំ ធ្វើការសិក្សាវិធីរៀបចំកិច្ចព្រមព្រៀងមួយ ដោយមិនឲ្យមានការប៉ះពាល់ដល់អ៊ីស្រាអែល។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រភពដែលដឹងច្បាស់ពីកិច្ចចរចាគ្នានោះ បាននិយាយប្រាប់ថា គោលដៅគឺឲ្យមានលិខិតនៃកិច្ចព្រមព្រៀងមួយជាធរមានទាន់ពេលសម្រាប់ទិវាជាតិសហភាពអារ៉ាប់រួម ដែលប្រារព្ធធ្វើឡើង នៅថ្ងៃទី០២ ខែធ្នូ។
កិច្ចព្រមព្រៀងណាមួយ ត្រូវតែសមស្របជាមួយកិច្ចព្រមព្រៀងមានរយៈកាលរាប់ទសវត្សជាមួយអ៊ីស្រាអែល ដែលថា សព្វាវុធអាមេរិកណាមួយដែលលក់ឲ្យតំបន់ ត្រូវតែមិនធ្វើឲ្យប៉ះពាល់ដល់គុណភាពយោធារបស់អ៊ីស្រាអែល ដោយធានាថា អាវុធអាមេរិកផ្គត់ផ្គង់ឲ្យអ៊ីស្រាអែល គឺមានសមត្ថភាពខ្ពស់ជាងអាវុធទាំងឡាយដែលលក់ឲ្យប្រទេសជិតខាងអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង