បរទេស ៖ យោងតាមគេហទំព័រមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក 38 North បានឲ្យដឹងថា រថយន្តមួយគ្រឿង ដែលហាក់ជារថយន្តដឹក និងជាប្រព័ន្ធបាញ់សម្រាប់មីស៊ីល ទ្រង់ទ្រាយធំ ត្រូវបានគេប្រទះឃើញ នៅក្នុងអំឡុងធ្វើការហាត់សម សម្រាប់ពិធីព្យុហយាត្រានាខាងមុខនេះ នៅក្នុងប្រទេសកូរ៉េខាងជើង។
សេចក្តីរាយការណ៍ពីគេហទំព័រនោះ បាននិយាយប្រាប់ថា ទំហំនិងរូបរាងរបស់រថយន្តនោះបង្ហាញថា វាអាចនឹងជារថយន្តដឹក ដំឡើងនិងជាប្រព័ន្ធបាញ់ សម្រាប់មីស៊ីលខ្នាតធំ ហើយម្យ៉ាងទៀត វាអាចជាឧបករណ៍ដំឡើង និងជាប្រព័ន្ធបាញ់សណ្ដោងចល័ត ភ្ជាប់ជាមួយរថយន្តធុនធំ។
ក្រៅពីនេះ អ្នកវិភាគនិងមន្ត្រីកូរ៉េខាងត្បូង ក៏មានមន្ទិលសង្ស័យផងដែរថា ប្រទេសកូរ៉េខាងជើងអាច នឹងធ្វើតេស្តសាកល្បងមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹក នៅអំឡុងថ្ងៃប្រារព្ធពិធីនោះ ដោយយោងទៅតាមសកម្មភាព ដែលគេប្រទះឃើញនៅកន្លែងធ្វើនាវា Sinpo South Shipyard របស់ប្រទេសនេះ៕
ប្រែសម្រួល៖ប៉ាង កុង