ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ពអាកាសអាមេរិក ចាប់ផ្តើមបេសកកម្មល្បាត ណាតូនៅប៊ុលហ្គារី

បរទេស៖អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសនៅសប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-16 ចំនួន ៦គ្រឿង បានចូលរួមជាមួយយន្តហោះប៊ុលហ្គារី ក្នុងបេសកកម្មល្បាតដែនអាកាសរយៈពេល ៤សប្ដាហ៍។

សេចក្តីថ្លែងការណ៍មួយរបស់អង្គការណាតូ បាននិយាយដូច្នេះថា “បេសកកម្មល្បាតដែនអាកាសណាតូ គឺត្រូវបានរចនាឡើងដើម្បីរក្សាសន្តិសុខ ដែនអាកាសរបស់សម្ពន្ធមិត្ត។

យន្តហោះល្បាតដែនអាកាស នឹងហោះទៅក្នុងអាកាសយ៉ាងលឿន នៅពេលដែលយន្តហោះយោធាឬក៏ស៊ីវិល ស្ថិតក្នុងភាពអាសន្ន ឬក៏ពួកគេមិនអនុវត្តតាមច្បាប់ហោះហើរអន្តរជាតិ និងចូលមកជិតដែលអាកាសរបស់សម្ពន្ធមិត្តណាតូ”។

គួរបញ្ជាក់ថា បេសកកម្មល្បាតដែនអាកាសបែបនេះ គឺបានកើតមាននៅក្នុងតំបន់អឺរ៉ុបភាគខាងកើត ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ ចំណែកបេសកកម្មនៅអឺរ៉ុបភាគអាគ្នេយ៍ បានកើនឡើងក្នុងឆ្នាំ ២០១៦ បន្ទាប់ពីរុស្ស៊ីធ្វើការជ្រៀតជ្រែកនិងដាក់តំបន់គ្រីមារបស់អ៊ុយក្រែន ឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ ២០១៤៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top