បរទេស៖ ប្រទេសចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទសហរដ្ឋអាមេរិក ពីបទប្រឌិតភូតកុហក និងពីបទព្យាយាមទាញ ពិភពលោក ឲ្យវិលទៅសម័យព្រៃវិញ ក្រោយទីក្រុងវ៉ាស៊ីនតោន បានធ្វើការថ្កោលទោស រិះគន់ទីក្រុងប៉េកាំង និងទីភ្នាក់ងារអង្គការសហប្រជាជាតិ នានា សម្រាប់ការសម្លាប់ ទារិកា រាប់លាននាក់។
មន្ត្រីនំាពាក្យ ឲ្យបេសកកម្មចិន ប្រចាំនៅអង្គការ សហប្រជាជាតិមួយរូប ក្នុងទីក្រុងញូយ៉ក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ថា “អ្នកយោបាយអាមេរិកខ្លះ មានការកុហកបោកប្រាស់ ជាទម្លាប់ ដោយការព្យាបាទ ពួកគេបង្កើតការប្រឈមមុខ ផ្នែកនយោបាយ និងធ្វើឲ្យប៉ះពាល់ ដល់សហប្រតិបត្តិការពហុជាតិ។ សហរដ្ឋអាមេរិក ដែលកំពុងតែធ្វើដំណើរ បញ្ច្រាស់និន្នាការពេលវេលា គឺកំពុងតែក្លាយជា អ្នកពិឃាតដ៏ធំបំផុត ចំពោះបទបញ្ជា អន្តរជាតិមានស្រាប់ និងព្យាយាមគ្រប់មធ្យោបាយ ទាញពិភពលោក ថយទៅរកសម័យព្រៃវិញ”។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីអប់រំអាមេរិក លោកស្រី Betsy DeVos និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទាំងពីរនាក់ បានចោទប្រកាន់ចិន ពីបទបណ្ដាលឲ្យជនជាតិ ភាគតិចអ៊ូហ្គួរ និងជនជាតិភាគតិច ផ្សេងទៀត ធ្វើការរំលូតកូន ដោយបង្ខំចិត្ត ការក្រៀវ និងការដាក់ឧបករណ៍ ពន្យាកំណើត ដោយមិនស្ម័គ្រចិត្ត៕
ប្រែសម្រួល៖ប៉ាងកុង