បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានជ្រើសរើស មិនចូលរួមកិច្ចពិភាក្សាគ្នា ស្តីពីសិទិ្ធមនុស្ស ក្នុងប្រទេសកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ នាដើមខែតុលានេះ ។
តាមសេចក្តីរាយការណ៍ ទីក្រុងសេអ៊ូលត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការទី៣របស់មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៥ ជាពេលដែលមន្ត្រីអង្គការ សហប្រជាជាតិ លោក Craig Mokhiber បង្ហាញពីរបាយការណ៍សិទ្ធិមនុស្ស ស្តីពីប្រទេសកូរ៉េខាងជើង និងប្រទេសពាក់ព័ន្ធផ្សេងទៀត ។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍អំពីការមិនចូលរួម របស់កូរ៉េខាងត្បូងនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីវិទ្យុអាស៊ីសេរី បានរាយការណ៍ថា ទីក្រុងសេអ៊ូល មិនបានចូលរួមកិច្ចប្រជុំនាថ្ងៃទី១៣ ខែតុលា ជាពេលដែលមន្ត្រីតំណាង សហរដ្ឋអាមេរិក ជប៉ុន កាណាដា ស្វីស អូស្ត្រាលី និងអង់គ្លេស មានវត្តមានចូលរួម ៕
ប្រែសម្រួល៖ប៉ាង កុង