បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសចិនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin ក្រុមហ៊ុន Boeing Defense ក្រុមហ៊ុន Raytheon និងក្រុមហ៊ុនអាមេរិកដទៃទៀត ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការលក់អាវុធ របស់ទីក្រុងវ៉ាស៊ីនតោនឲ្យកោះតៃវ៉ាន់។
តាមសេចក្តីរាយការណ៍ លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិននឹងធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន ប៉ុន្តែមន្ត្រីនាំពាក្យក្រសួងការបរទេសចិនរូបនេះ មិនបានបញ្ជាក់ថា នឹងដាក់ទណ្ឌកម្មអ្វីនោះទេ។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណបាននិយាយកាលពីសប្ដាហ៍មុនថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមលក់ប្រព័ន្ធអាវុធចំនួន៣ ឲ្យទៅកោះតៃវ៉ាន់ រួមមានទាំងប្រព័ន្ធចាប់សញ្ញា មីស៊ីលនិងកាំភ្លើងធំ ដែលអាចមានតម្លៃជាទឹកប្រាក់សរុបចំនួន១,៨ពាន់លានដុល្លារអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង