ព័ត៌មានអន្តរជាតិ

អាមេរិក វាយប្រហារតាមអាកាស លើពួកតាលីបង់ នៅអាហ្វហ្គានីស្ថានភាគកណ្ដាល

បរទេស៖ មន្ត្រីនាំពាក្យ កងកម្លាំងអាមេរិក បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសមួយ ទៅលើពួកបះបោរតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ភាគកណ្ដាល កាលពីថ្ងៃល្ងាចអាទិត្យ ក្នុងគោលបំណង ការពារកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន។

លោកវរសេនីយ៍ឯក Sonny Leggett បានមានប្រសាសន៍ នៅក្នុងបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃចន្ទនេះថា ការវាយប្រហារ តាមអាកាសនៅខេត្ត Wardak បានសម្លាប់ពួកតាលីបង់ ចំនួន៥នាក់ និងថា ការវាយប្រហារនោះ គឺស្របតាមកិច្ចព្រមព្រង ដកកងទ័ពក្នុងខែកុម្ភៈ ដែលបានធ្វើឡើង ជាមួយពួកតាលីបង់។

គួរបញ្ជាក់ថា កាលពីដើមខែនេះ ពួកតាលីបង់ បានចោទសហរដ្ឋអាមេរិក ពីបទបំពានកិច្ចព្រមព្រៀង នៅពេលធ្វើការ វាយប្រហារតាមអាកាស នៅក្នុងខេត្ត Helmand ស្ថិតនៅភាគខាងត្បូងប្រទេស ស្របពេលដែលពួកបះបោរ បានចាប់ផ្តើមប្រតិបត្តិការដ៏ធំមួយ ដើម្បីដណ្ដើមកាន់កាប់ទីរួមខេត្ត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top