ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងថា នឹងដាក់ទណ្ឌកម្មទៅលើ ក្រុមហ៊ុនអាមេរិក Lockheed Martin, Boeing និង ក្រុមហ៊ុន Raytheon ដែលចូលរួមលក់ អាវុធឱ្យកោះតៃវ៉ាន់

កាលពីសប្តាហ៍មុនក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតបឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងដាក់ទណ្ឌកម្ម លើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះបាននិយាយថា“ យើងប្រឆាំងដាច់ខាត ហើយក៏បានសម្តែងការសោកស្តាយជាខ្លាំងផងដែរចំពោះការអនុវត្តបែបនោះ” ។

ថ្លែងបន្ថែមទៀតអ្នកនាំពាក្យរូបនោះបាននិយាយថា ក្រុមហ៊ុនអាមេរិក Lockheed Martin, Boeing Defense និង ក្រុមហ៊ុន Raytheon នឹងត្រូវស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ចិន។

លោក Zhao Lijian បានបន្ថែមថា «យើងនឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខរបស់យើង»៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top