ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ទណ្ឌកម្មលើអង្គភាពអាមេរិក ដោយថាជាការសងសឹក ចំពោះការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្ត ដាក់ទណ្ឌកម្មទៅលើអង្គភាពការពារជាតិ សហរដ្ឋអាមេរិករួមទាំងក្រុមហ៊ុន Lockheed Martin Corp ផងដែរនៅក្នុងការសងសឹក ចំពោះការលក់អាវុធ របស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មានថា អង្គភាពការពាររបស់ក្រុមហ៊ុនប៊ូអ៊ីង និងក្រុមហ៊ុនរ៉ាយថេនតិចណូឡូជី ក៏ដូចជាបុគ្គលដែលពាក់ព័ន្ធ នឹងការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់កោះប្រជាធិបតេយ្យ នឹងត្រូវទទួលទណ្ឌកម្មផងដែរ។

លោកចាវ បានលើកឡើងថាប្រទេសចិន នឹងបន្តអនុវត្តវិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។

កាលពីដើមខែនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានយល់ព្រមលក់កញ្ចប់ អាវុធចំនួន ៣ ទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃសរុប ១,៨ ពាន់លានដុល្លារ ដែលជាវិធានការមួយ ដែលបានបន្ថែមភាពតានតឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងប្រទេស មហាអំណាចទាំងពីរ របស់ពិភពលោក៕
ដោយ ឈូក បូរ៉ា

Most Popular

To Top