ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងតួកគីកាលពីថ្ងៃច័ន្ទ បានបញ្ចប់ការរុះរើចំណុចសង្កេតការណ៍មួយ ដែលគ្រប់គ្រងដោយប្រទេសតួកគី នៅក្នុងខេត្តហាម៉ាភាគកណ្តាល របស់ប្រទេសស៊ីរី។
សារព័ត៌មាន SANA បានចុះផ្សាយថា កងកម្លាំងតួកគី បានបញ្ចប់ការរុះរើចំណុចអង្កេត របស់ពួកគេហើយបានយកឧបករណ៍ របស់ពួកគេចេញទាំងអស់ នៅទីប្រជុំជន Morek ក្នុងទីប្រជុំជន Hama ។
ជាមួយគ្នានេះដែរក្រុមអ្នកសង្កេត ការណ៍សិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា បន្ទាប់ពីការរុះរើពេញលេញ នៃចំណុចអង្កេតនេះទង់ជាតិស៊ីរី ត្រូវបានគេដាក់នៅលើតំបន់នោះ ដែលវាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ចំណុចអង្កេត Morek គឺជាមូលដ្ឋានតួកគីធំជាងគេនៅស៊ីរី។
ក្រុមឃ្លាំមើលបានឲ្យដឹងថា កងកម្លាំងតួកគី បានចាប់ផ្តើមរុះរើមូលដ្ឋាននៅថ្ងៃទី១៩ ខែតុលា។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា បច្ចុប្បន្នកងកម្លាំងតួកគី កំពុងជម្លៀសកន្លែងសង្កេតការណ៍មួយ ផ្សេងទៀតនៅលើភ្នំ Shahshabo នៅភាគពាយ័ព្យនៃខេត្ដ Hama៕
ដោយ ឈូក បូរ៉ា