បរទេស៖យោងទៅតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសជប៉ុនបានឲ្យដឹងថា ប្រទេសចិនស្ងាត់ៗបានបង្កើនជំនួយចំណីអាហារ ឲ្យទៅប្រទេសកូរ៉េខាងជើង និងទំនងជាបានបញ្ជូនចំណីអាហារយ៉ាងច្រើនចំនួន ៦០០.០០០តោន នៅក្នុងឆ្នាំនេះ។
កាសែតជប៉ុន Asahi Shimbun បានរាយការណ៍នៅពេលថ្មីៗនេះថា ទីក្រុងប៉េកាំង បានបញ្ជូនឲ្យកូរ៉េខាងជើង នូវចំណីអាហារនានា ដែលរួមមានទាំងពោតផងនោះ ពីខែមិថុនាដល់ខែសីហា បើទោះជាកូរ៉េខាងជើង បានអនុវត្តបិទព្រំដែនហើយក៏ដោយ។
តាមការចេញផ្សាយរបស់កាសែត UPI បានឲ្យដឹងថា កូរ៉េខាងជើងក៏ប្រហែលជាបានស្នើសុំជំនួយចំណីអាហារបន្ថែមទៀត ចំណែកចិនទំនងជាបានត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនចំណីអាហារចំនួន២០០.០០០តោនផ្សេងទៀត ឲ្យទៅប្រទេសកុម្មុយនិស្តឯកោមួយនោះ៕ ប្រែសម្រួល៖ប៉ាង កុង