ព័ត៌មានអន្តរជាតិ

កាណាដាទទួលបាន ការអនុម័ត សម្រាប់ការទិញមីស៊ីល SM-2 មានទឹកប្រាក់រាប់រយលានដុល្លារ

បរទេស៖ក្រសួងការបរទេសសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអនុម័តលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់៥០០លានដុល្លារ លក់មីស៊ីល SM-2 និងសម្ភារៈពាក់ព័ន្ធផ្សេងទៀត ឲ្យទៅប្រទេសកាណាដា នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិ។

ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមទីភ្នាក់ងារ DSCA ប្រទេសកាណាដា នឹងធ្វើការដំឡើងមីស៊ីលនោះ លើនាវាចម្បំាងលើផ្ទៃសមុទ្រកាណាដាចំនួន១៥គ្រឿង តាមការគ្រោងទុក។

សេចក្តីប្រកាសពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បាននិយាយដូច្នេះថា “ការលក់ស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់ប្រទេសកាណាដា ដែលជាសម្ពន្ធមិត្តណាតូមួយ និងជាកម្លាំងដ៏សំខាន់ដើម្បីធានាដល់ស្ថិរភាពនយោបាយនិងភាពរីកចម្រើនសេដ្ឋកិច្ច និងរួមចំណែកដល់ប្រតិបត្តិការយោធា ការរក្សាសន្តិភាព និងមនុស្សធម៌ នៅជុំវិញពិភពលោក”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top