ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះ អាមេរិក និងបារាំង លើសមុទ្រខ្មៅ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរបស់រុស្ស៊ី Su-30 នៃតំបន់យោធាភាគខាងត្បូង ត្រូវបានចេញប្រតិបត្ដិការភ្លាមៗ ដើម្បីស្ទាក់ចាប់យន្ដហោះរបស់អាមេរិក និងបារាំង នៅលើសមុទ្រខ្មៅ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅ អាកាសខិតជិតព្រំដែនរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។

ក្រុមអាកាសយានិក នៃយន្តហោះចម្បាំងរុស្ស៊ី Su-30 បានកំណត់អត្តសញ្ញាណរបស់ពួកគេថា ជាយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ RC-135 របស់កងទ័ពអាកាស សហរដ្ឋអាមេរិក, យន្តហោះបំពេញបន្ថែមកងទ័ព អាកាសអាមេរិក KC-135 និងយន្តហោះឈ្លបយកការណ៍ របស់កងទ័ពអាកាសបារាំង C-160G ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីយន្តហោះ បានហោះចេញ ពីព្រំដែនរដ្ឋរុស្ស៊ី យន្តហោះរុស្ស៊ីបានវិលត្រឡប់មកអាកាស យានដ្ឋានរបស់ខ្លួនវិញ ដោយសុវត្ថិភាព ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា យន្តហោះរបស់រុស្ស៊ី បានអនុវត្តយ៉ាងតឹងរឹងជាមួយនឹងច្បាប់ ដែនអាកាសអន្តរជាតិ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top