ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្ថែមកម្លាំង នៅតំបន់កាលីនីនក្រាដ ដោយលើកឡើង ពីការគម្រាមកំហែងពីណាតូ

បរទេស៖ ឧត្តមនាវីទ័ពជើងទឹកមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើនកម្លាំងរបស់ខ្លួន នៅតំបន់កាលីនីនក្រាដ និងបានបង្កើតរួចរាល់ហើយ នូវកងពល ប្រដាប់អាវុធពេញសមត្ថភាព ដែលរួមមាន ទាំងកងរវសេនាធំរថក្រោះផងដែរ ដោយលើកឡើង ពីភាពចាំបាច់ក្នុងការឆ្លើយតប ចំពោះអ្វីដែលលោកនិយាយថា មានការកពូលកម្លាំងណាតូនៅក្បែរនោះ។

លោក Alexander Nosatov ជាឧត្តមនាវី មកពីកងនាវាសមុទ្របាល់ទិក បាននិយាយប្រាប់កាសែតយោធា Red Star ដូច្នេះថា “ក្នុងដំណើរឆ្លើយតប ចំពោះការគម្រាមកំហែងនេះ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មានកាតព្វកិច្ចចាត់វិធានការតបតនានា ហើយមួយក្នុងចំណោមនោះ គឺកាបង្កើតកងពល ប្រដាប់អាវុធពេញសមត្ថភាព ដែលចូលរួមជាមួយ កងទាហាននៃកងនាវាបាល់ទិក”។

គួរបញ្ជាក់ថា តំបន់កាលីនីនក្រាដ ដែលមានយោធាច្រើនស្រាប់ទៅហើយនោះ គឺជាតំបន់រុស្ស៊ីមួយ ដែលលាតសន្ធឹងលើសមុទ្របាល់ទិក នៅចន្លោះប្រទេសសមាជិកសហភាពអឺរ៉ុប គឺប្រទេសលីទុយអានី និងប្រទេសប៉ូឡូញ។ ប្រទេសរុស្ស៊ី បានដណ្ដើមយកតំបន់នេះ ពីប្រទេសអាល្លឺម៉ង់ នៅចុងសង្គ្រាមលោកលើកទីពីរ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top