ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋ របស់រុស្ស៊ី នៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹងទទួលបានវ៉ាក់សាំង Sputnik V ប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩។
អ្នកនាំពាក្យរូបនេះ ត្រូវបានគេដកស្រង់សម្តី ទៅកាន់វិទ្យុ Rossiya 1 នៅលើគេហទំព័ររបស់ខ្លួនថា “លោកបានលើកឡើងថា លោកនឹងទទួលថ្នាំបង្ការ លោកបានធ្វើការ សម្រេចចិត្តនេះហើយកំពុង រង់ចាំរហូតដល់បែបបទទាំងអស់ ត្រូវបានបញ្ចប់” ។
ប្រទេសរុស្ស៊ី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តជាមួយវ៉ាក់សាំង Sputnik V ផលិតដោយប្រទេសរុស្ស៊ី កាលពីដើមខែធ្នូ ដោយចាប់ផ្តើមជាមួយ ក្រុមងាយរងគ្រោះបំផុតនៅទីក្រុងម៉ូស្គូ។
អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានឲ្យដឹងនៅលើគេហទំព័រ របស់លោក កាលពីថ្ងៃអាទិត្យថា មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំអាចចាប់ផ្តើមដាក់ពាក្យសុំចាក់ថ្នាំ បង្ការនៅថ្ងៃច័ន្ទនេះបានហើយ៕
ដោយ ឈូក បូរ៉ា