សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូង លោក Noh Kyu-duk បានជួបពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយសមភាគីចិន និងរុស្ស៊ីកាលពីថ្ងៃអង្គារ នៅក្នុងការសន្ទនាលើកដំបូងចាប់ តាំងពីការតែងតាំង លោក កាលពីសប្តាហ៍មុន។
កិច្ចពិភាក្សារបស់លោកជាមួយលោក Wu Jianghao សមភាគីរបស់ចិន និងលោក Igor V. Morgulov របស់រុស្ស៊ី បានកើតឡើងនៅពេលដែលក្រុងសេអ៊ូល ស្វែងរកការគាំទ្រជាសកល សម្រាប់កិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីបន្តការសន្ទនា ជាមួយកូរ៉េខាងជើង ដែលបានជាប់គាំងនៅពេលមានភាពជាប់គាំង នៅក្នុងការចរចានុយក្លេអ៊ែរ រវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង។
ក្រសួងបានឲ្យដឹងអំពីកិច្ចចរចាររវាងអ្នកទាំងពីរ ថា“ ភាគីទាំងពីរបានចែករំលែកការ វាយតម្លៃអំពីស្ថានភាពថ្មីៗនេះនៅឧបទ្វីបកូរ៉េ ហើយបានផ្លាស់ប្តូរយោបល់គ្នាលើមធ្យោបាយនានា ដើម្បីធ្វើសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងស្ថិរភាព និងធ្វើឱ្យមានការរីកចម្រើន លើដំណើរការសន្តិភាពនៅឧបទ្វីបកូរ៉េ”៕
ដោយ ឈូក បូរ៉ា