វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា
យោងតាមទិន្នន័យចុងក្រោយ របស់សាលាពេទ្យកុមារអាមេរិកាំង ហៅកាត់ថា (AAP) និងសមាគមមន្ទីរពេទ្យកុមារ បានឲ្យដឹងថា កុមារជាង២លាននាក់ នៅសហរដ្ឋអាមេរិក មានរោគសញ្ញាជំងឺកូវីដ១៩ ចាប់តាំងពីមានការឆ្លងជំងឺរាតត្បាត ។
យោងតាម AAP បានឲ្យដឹងថា មានកុមារជិត១៧៩.០០០នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង កាលពីចុងសប្តាហ៍មុន កាលពីថ្ងៃទី២៤ខែធ្នូ ។
យោងតាមសាលាខាងលើ បានបញ្ជាក់ថា ចាប់តំាងពីថ្ងៃទី១២ ខែវិច្ឆិកា មានការកើនឡើង ករណីជំងឺកូវីដ១៩លើកុមារ១លាននាក់ ។ ជាង២សប្តាហ៍ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៤ ខែធ្នូ កុមារដែលឆ្លងជំងឺកូវីដ១៩ បានកើនឡើង២២ភាគរយ ។
របាយការណ៍បានឲ្យដឹងថា កុមារចំនួន១២,៤ភាគរយ ក្នុងចំណោមកុមារទំាងអស់ ដែលឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ។ សរុបអត្រាអ្នកឆ្លងជំងឺគឺ២.៦៥៨នាក់ ក្នុងចំណោមកុមារ១០០.០០០នាក់ នៃចំនួនប្រជាជនទាំងអស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា