សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីបន្តការវាយតម្លៃដំបូង នៃកិច្ចពិភាក្សាចែករំលែក ចំណាយការពារជាតិ របស់ប្រទេសទាំងពីរ ដើម្បីជួយពង្រឹងសម្ព័ន្ធភាព និងជំហរការពាររួមគ្នា ក្នុងអំឡុងកិច្ចពិភាក្សាជាវីដេអូ នៅថ្ងៃសុក្រម្សិលមិញនេះ។
អ្នកចរចាកំពូលរបស់ទីក្រុងសេអ៊ូល គឺលោក Jeong Eun-bo និងសមភាគីអាមេរិកលោក Donna Welton បានដឹកនាំកិច្ចប្រជុំលើកដំបូង ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាល លោក ចូ បៃដិន កាលពីខែមុនដើម្បីជំរុញការចរចា កំណត់ចំណែករបស់ទីក្រុងសេអ៊ូល នៃការចំណាយ សម្រាប់ការឈរជើង កងទ័ពអាមេរិកនៅកូរ៉េ ដែលមានកម្លាំង ចំនួន ២៨,៥០០ នាក់។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា“ ផ្អែកលើស្មារតីនៃសម្ព័ន្ធភាពនេះ ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នា ដោយយកចិត្តទុកដាក់ ដើម្បីដោះស្រាយភាពខុសគ្នា ដែលបានបន្ត និងដោះស្រាយនូវកិច្ចព្រមព្រៀង ដែលអាចទទួលយកបាន” ។
ភាគីទាំងពីរក៏បានឯកភាពគ្នាធ្វើការរួមគ្នា ដើម្បីចូលរួមចំណែក ពង្រឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – អាមេរិក ក្នុងនាមជាខ្សែសន្តិភាព និងវិបុលភាពនៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីភាគឦសាន និងជំហរការពារជាតិរួមគ្នា ដោយបញ្ចប់ការចរចា ការចំណាយលើវិស័យការពារជាតិ៕ ដោយ៖ ឈូក បូរ៉ា