តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របានរិះគន់សេចក្តីថ្លែងការណ៍ របស់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស (E3) ដែលជំរុញឱ្យអ៊ីរ៉ង់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។
កាលពីថ្ងៃសុក្រ E3 បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីការបញ្ជាក់នាពេលថ្មីៗនេះ ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ថាអ៊ីរ៉ង់កំពុងផលិតលោហៈធាតុអ៊ុយរ៉ាញ៉ូម។
E3 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ នៅក្រោម JCPOA ប្រទេសអ៊ីរ៉ង់ ប្តេជ្ញាចិត្តមិនចូលរួមក្នុងការផលិត ឬការទទួលលោហៈធាតុអ៊ុយរ៉ាញ៉ូម ឬដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍលើលោហធាតុអ៊ុយរ៉ាញ៉ូមក្នុងរយៈពេល ១៥ ឆ្នាំ” ។
ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរិះគន់ E3 ចំពោះការខកខានមិនបានអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍របស់ អ៊ីរ៉ង់ក្រោមផែនការ JCPOA នោះឡើយ។
របាយការណ៍នាពេលថ្មីៗនេះរបស់អង្គការ IAEA បានបង្ហាញថា ប្រទេសអ៊ីរ៉ង់ បានផលិតសារធាតុអ៊ុយរ៉ាញ៉ូមចំនួនតិចតួច ដែលត្រូវបានហាមឃាត់នៅក្រោមផែនការ JCPOA ។
នៅក្នុងខែមករា ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ ដែលជាផ្នែកមួយនៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹង ការដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័ត ដោយសភាកាលពីខែធ្នូ ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅឆ្នាំ២០១៨ និងការដាក់ទណ្ឌកម្មឡើងវិញ អ៊ីរ៉ង់បានផ្អាកការអនុវត្តផ្នែកខ្លះ នៃកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ៕ដោយ ឈូក បូរ៉ា