បរទេស ៖ អង្គការណាតូ បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា សមយុទ្ធសង្គ្រាមប្រឆាំងនាវាមុជទឹក ពហុជាតិ ក្នុងឆ្នាំនេះ ដែលមានទាំងនាវា ផ្ទុកយន្តហោះបារាំង មួយគ្រឿងផងនោះ គឺកំពុងតែប្រព្រឹត្តទៅ នៅក្នុងប្រទេសអ៊ីតាលី ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា សមយុទ្ធ Dynamic Manta 2021 ដែលរចនាបង្កើតឡើង ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវអន្តរប្រតិបត្តិការនិងភាពជំនាញ ក្នុងជំនាញសង្គ្រាមប្រឆាំងនាវាមុជទឹកនិងនាវាលើផ្ទៃសមុទ្រនេះ នឹងចប់នៅថ្ងៃទី០៥ ខែមីនា។
បេក្ខភាពដ៏ធំបំផុតក្នុងសមយុទ្ធនេះ គឺក្រុមវាយប្រហារ ដឹកនាំដោយ នាវាផ្ទុកយន្តហោះប្រវែង៨៥៨ហ្វីត Charles de Gaulle មាននាវិក១.៣៥០នាក់ និងបុគ្គលិកផ្នែកអាកាស៦០០នាក់ ។ ក្រៅពីនេះ សមយុទ្ធនេះ ក៏មានការចូលរួម ដោយនាវាមុជទឹក នាវាលើផ្ទៃសមុទ្រ នាវាល្បាតដែនសមុទ្រ និងនាវាគាំទ្របន្ថែម មកពីប្រទេសប៊ែលហ្ស៊ិក បារាំង ក្រិក អ៊ីតាលី អេស្ប៉ាញ តួកគី និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង