ព័ត៌មានអន្តរជាតិ

កាណាដា នឹងចូលរួម ក្នុងបេសកកម្មអាមេរិក ទៅកាន់ឋានព្រះច័ន្ទ

អូតាវ៉ា ៖ ប្រទេសកាណាដា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹងបញ្ជូនអវកាសយានិក ទៅគោចរព្រះច័ន្ទនៅឆ្នាំ២០២៣ ដែលជាផ្នែកមួយ នៃបេសកកម្មអាតេមីសទី ២ របស់ណាសា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក Francois-Philippe Champagne រដ្ឋមន្រ្តីក្រសួងច្នៃប្រឌិតវិទ្យាសាស្ត្រ និងឧស្សាហកម្មកាណាដា បានសរសេរតាមសារធ្វីតធឺរឲ្យដឹងថា “វាជាផ្លូវការហើយ ប្រទេសកាណាដា នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងបេសកកម្មលើកដំបូង ទៅកាន់ឋានព្រះច័ន្ទក្នុងរយៈពេលជាង ៥០ ឆ្នាំ”។

នៅក្រោមសន្ធិសញ្ញានេះកាណាដា នឹងក្លាយជាផ្នែកមួយ នៃបេសកកម្មអាតេមីសទី ២ ដែលជាបេសកកម្មនាវិកដំបូង ទៅកាន់ឋានព្រះច័ន្ទ តាំងពីឆ្នាំ១៩៧២។ វាបញ្ជាក់ពីការហោះហើរលើកទី ២ សម្រាប់អវកាសយានិកកាណាដា ទៅកាន់ច្រកទ្វារដែលជាស្ថានីយ៍អវកាសតូចមួយ នៅក្នុងតារាវិថីតាមច័ន្ទគតិ។

កាណាដា នឹងផ្គត់ផ្គង់ Lunar Gateway ជាមួយ Canadarm3 ដែលជាប្រព័ន្ធមនុស្សយន្តស្វយ័តដែលនឹងប្រើបញ្ញាសិប្បនិម្មិត ដើម្បីបំពេញភារកិច្ចនៅជុំវិញព្រះច័ន្ទ ដោយគ្មានការអន្តរាគមន៍ពីមនុស្ស។

ច្រកទ្វារនឹងតូចជាងស្ថានីយ៍ អវកាសអន្តរជាតិដែលធ្វើដំណើរជុំវិញផែនដី។ វាក៏នឹងត្រូវបានប្រើជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រ, ទីតាំងសាកល្បងសម្រាប់បច្ចេកវិទ្យាថ្មីៗ និងជាមូលដ្ឋានសម្រាប់ចុះចត និងការរុករកភពព្រះច័ន្ទ ហើយបន្ទាប់មកមានសក្តានុពលជាមូលដ្ឋាន សម្រាប់បេសកកម្មនៅភពព្រះអង្គារ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top