ព័ត៌មានអន្តរជាតិ

កងកម្លាំងការពារ តំបន់ឆ្នេរអាមេរិក និងទ័ពជើងទឹកក្រិក ធ្វើសមយុទ្ធ នៅសមុទ្រអារ៉ាប់

បរទេស៖ ទីបញ្ជាការកណ្ដាលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងកម្លាំងការពារតំបន់ឆ្នេរអាមេរិក បានធ្វើសមយុទ្ធនៅឈូងសមុទ្រអារ៉ាប់ក្នុងសប្ដាហ៍នេះ ជាមួយនាវាចម្បាំងសមត្ថភាពមីស៊ីលរបស់ទ័ពជើងទឹកក្រិក។ 

តាមសេចក្តីរាយការណ៍ នាវាចម្បាំងក្រិក HS Hydra នោះ បានចូលរួមជាមួយនាវាកាត់បំបែកទឹកកក និងទូកល្បាតរបស់កងកម្លាំងការពារតំបន់ឆ្នេរ អាមេរិកប្រចាំនៅអាស៊ីនិរតី កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការធ្វើសមយុទ្ធរវាងដៃគូណាតូទាំងពីរ។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកអនុសេនីយ៍ទោ Ben Williams ជាមន្ត្រីបញ្ជាការនៃទូកល្បាត USCGC Maui បាននិយាយដូច្នេះថា “សមយុទ្ធនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីធ្វើការងាររួមជាមួយដៃគូក្រិក ក្នុងគោលបំណងបង្កើនភាពជំនាញផ្នែកយុទ្ធសាស្ត្រនិងសមត្ថភាព”។ 

គួរបញ្ជាក់ថា អង្គភាពកងកម្លាំងការពារតំបន់ឆ្នេរដែលចូលរួមនោះ គឺជាអង្គភាពមួយដ៏ធំបំផុតនៅក្រៅទឹកដីសហរដ្ឋអាមេរិក និងគាំទ្រដល់ប្រតិបត្តិការការពារ សន្តិសុខនិងហេដ្ឋារចនាសម្ព័ន្ធ ដែនសមុទ្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top