ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា បណ្តេញរដ្ឋទូតប្រចាំនៅយូអិនម្នាក់ ដែលថ្លែងការណ៍ប្រឆាំងរដ្ឋប្រហារ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើការប្រកាសថា ខ្លួនបានធ្វើការបណ្តេញ
ចេញនូវរដ្ឋទូតម្នាក់តំណាងឲ្យមីយ៉ាន់ម៉ា នៅអង្គការសហប្រជាជាតិ ក្រោយពេលដែលបុរសរូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ ដើម្បីសុំជំនួយក្នុងការ
ដកក្រុមយោធាឲ្យចេញពីអំណាច។

នៅក្នុងសេចក្តីថ្លែងការណ៍ គួរឲ្យភ្ញាក់ផ្អើលមួយ ដោយលោក Kyaw Moe Tun បានថ្លែងអំពាវនាវថា មិនគួរមានអ្នកណា ឬប្រទេសណា បើកកិច្ចសហប្រតិបត្តិការជាមួយនឹង ក្រុមយោធាមីយ៉ាន់ម៉ាឡើយ រហូតដល់ពួកគេប្រគល់អំណាច ជូនទៅដល់រដ្ឋាភិបាលប្រជាធិបតេយ្យ ដែលត្រូវបានបោះឆ្នោតដោយ
ស្របច្បាប់ជាមុនសិន។

ប្រភពរបស់យូអិនជាច្រើន បានប្រាប់ទៅកាន់ក្រុមសារព័ត៌មានរ៉យទ័រថា យូអិនមិនដែលបានទទួលស្គាល់ ក្រុមយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលថ្មីរបស់គេឡើយ ហេតុដូចនេះ លោក Kyaw Moe Tun នឹងនៅតែមានឈ្មោះ ជាតំណាងរបស់មីយ៉ាន់ម៉ា ប្រចាំនៅទីនេះដដែល។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសមីយ់ាន់ម៉ាទាំងមូល នៅតែបន្តរងការរង្គោះរង្គើរនៅឡើយ ដោយសារក្រុមបាតុក ដែលទាមទារឲ្យរដ្ឋាភិបាល ក្នុងការដោះលែង
លោកស្រី Aung San Suu Kyi និងមេដឹកនាំរដ្ឋាភិបាល ស្របច្បាប់របស់ខ្លួនមកវិញ ក្រោយរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top