បរទេស ៖ ពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន នាថ្ងៃពុធនេះ បាននិយាយថា ទណ្ឌកម្មសហរដ្ឋអាមេរិក លើមេបញ្ជាការ ពីររូបរបស់ខ្លួន គឺជាភស្តុតាងបង្ហាញថា អាមេរិកកំពុងតែអូស បន្លាយសង្គ្រាម និងធ្វើឲ្យមានវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង ។
មន្ត្រីហូធីមួយរូប ឈ្មោះ Mohammed Abdulsalam បាននិយាយយ៉ាងដូច្នេះថា “អាមេរិកកំពុងតែធ្វើការ ថ្កោលទោសខ្លួនឯង និងកំពុងតែបញ្ជាក់ថា ខ្លួនមិនគិតបញ្ឈប់ភាពគឃ្លើន និងថា ខ្លួនឈរនៅពីក្រោយការ អូសបន្លាយសង្គ្រាម និងធ្វើឲ្យវិបត្តិមនុស្សជាតិ កាន់តែអាក្រក់ឡើង” ។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើលោក Mansur Al-Sa’adi ជាអគ្គសេនាធិការកងកម្លាំងជើងទឹកពួកហូធី និងលោក Ali Ahsan al-Hamzi ជាមេបញ្ជាការកងទ័ពអាកាសនិងកងកម្លាំងការពារដែនអាកាសយេម៉ែន ដែលមានសម្ពន្ធភាពជាមួយពួកហូធី។
ប្រធានការរិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសសហរដ្ឋអាមេរិក លោក Andrea Gacki បានមានប្រសាសន៍ថា “បុគ្គលទាំងពីររូបនេះ បញ្ជាលើកងកម្លាំងដែលកំពុងតែធ្វើឲ្យមានវិបត្តិមនុស្សជាតិកាន់តែអាក្រក់ នៅក្នុងប្រទេសយេម៉ែន”៕