ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាបញ្ចប់កិច្ចចរចា ចែករំលែកចំណាយ ការពារជាតិជាមួយអាមេរិក ក្នុងពេលឆាប់ៗ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការ ដើម្បីបញ្ចប់ការចរចារដ៏យូររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដើម្បីកំណត់ចំណែក នៃការចំណាយរបស់ក្រុងសេអ៊ូល ក្នុងការថែរក្សាកងកម្លាំងសហរដ្ឋអាមេរិក នៅលើឧបទ្វីបកូរ៉េ ទោះបីជាមានបញ្ហាមួយចំនួន នៅតែមានក៏ដោយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតលោក Jeong Eun-bo បានលើកឡើងថា“ មានបញ្ហាជាច្រើន ហើយដូច្នេះយើងគ្រោងនឹងដោះស្រាយវា តាមដែលអាចធ្វើទៅបាន តាមរយៈការប្រជុំទល់មុខគ្នា” ។

កិច្ចប្រជុំ ដែលបានគ្រោងធ្វើនៅថ្ងៃសុក្រនេះ នឹងសម្គាល់ការចរចាលើកទី៩ ដើម្បីបន្តកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេស របស់ប្រទេសនេះ ប៉ុន្តែកិច្ចពិភាក្សាដោយផ្ទាល់ លើកដំបូង ចាប់តាំងពីលោកប្រធានាធិបតីចូ បៃដិន បានឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា។

អ្នកចរចាកូរ៉េខាងត្បូង បានបដិសេធមិនបញ្ជាក់បញ្ហា ដែលនៅសេសសល់នោះទេ ដោយគ្រាន់តែលើកឡើងថា ការចរចា SMA ជារឿយៗត្រូវពិចារណា លើកាលៈទេសៈពិសេស។

លោកបានប្រាប់ ក្រុមអ្នកយកព័ត៌មានថា “ប្រទេសទាំងពីរ បានព្រមព្រៀងចរចា SMA លម្អិតរៀងរាល់ ៥ ឆ្នាំឬ ៣ ឆ្នាំម្តង ហើយដូច្នេះពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងដំណើរការ នៃការអនុវត្តកិច្ចព្រមព្រៀង ដើម្បីឆ្លុះបញ្ចាំងពីបញ្ហាបែបនេះ” ។

ប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានចាប់ផ្តើមការចរចា របស់ពួកគេមុនពេល SMA ចុងក្រោយផុតកំណត់ នៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រៀងទេ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំបូងឡើយបានទាមទារ ឱ្យទីក្រុងសេអ៊ូលបង់លុយ ៥ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ការថែរក្សាកងទ័ពអាមេរិកនៅកូរ៉េ ដែលមានកម្លាំង ២៨,៥០០ នាក់ច្រើនជាងប្រាំដងនៃទឹកប្រាក់ ៨៧០ លានដុល្លារ ដែលកូរ៉េខាងត្បូងបានបង់នៅឆ្នាំ២០១៩ ក្រោមវិធានការពិសេស SMA ចុងក្រោយ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top