បរទេស ៖សហរដ្ឋអាមេរិកនិង ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមសហសមយុទ្ធយោធា នៅថ្ងៃចន្ទ ប៉ុន្តែការហ្វឹកហាត់នោះ អាចនឹងបន្ថយទំហំដោយសារតែការរាតត្បាត នៃមេរោគកូរ៉ូណា។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង News 1 និងយុនហាប់ បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពយោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយប្រាប់ថា សមយុទ្ធយោធា ដែលនឹងបញ្ចប់នៅថ្ងៃទី១៨ ខែមីនានោះ នឹងត្រូវបានធ្វើឡើងក្នុងកម្រិតមួយស្រដៀងនឹងសមយុទ្ធ ដែលបានធ្វើឡើងនៅក្នុងខែសីហាឆ្នាំមុនដែរ។
ប្រភពយោធាកូរ៉េបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា សមយុទ្ធយោធានៅក្នុងខែនេះ ដែលហៅថាការហ្វឹកហាត់ប៉ុស្តិ៍ទីបញ្ជាការរួមនោះ នឹងត្រូវបានបន្ថយទំហំ ដោយសារតែភាពស្មុគស្មាញព្រោះជម្ងឺកូវីដ១៩ ហើយកងទ័ពអាមេរិក ដែលនឹងចូលរួម នៅមិនទាន់ធ្វើដំណើរមកដល់កូរ៉េខាងត្បូងនៅឡើយនោះទេ ដោយសារការរាតត្បាតនៃជម្ងឺថ្មី។
ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងតែដំណើរការសមយុទ្ធ ស្របពេលដែលទីក្រុងសេអ៊ូល អាចនឹងកំពុងតែស្វះស្វែងធ្វើការផ្លាស់ប្តូរការគ្រប់គ្រងប្រតិបត្តិការពេលមានសង្គ្រាម៕ប្រែសម្រួល៖ប៉ាង កុង