ព័ត៌មានអន្តរជាតិ

រលកយក្សស៊ូណាមិ ព្រមានមកលើដែនកោះ Norfolk របស់ប្រទេសអូស្ត្រាលី ក្រោយមានគ្រោះរញ្ជួយដី នៅណូវែលសេឡង់

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថា រលកយក្សស៊ូណាមិ បានព្រមានសម្រាប់ដែនដីកោះ Norfolk របស់ប្រទេសអូស្ត្រាលី នៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំង បានកើតឡើងនៅភាគឦសាន នៃប្រទេសណូវែលសេឡង់ ។

ដែនកោះ Norfolk គឺមានចម្ងាយប្រមាណ១.៤៥០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត នៃដែនដីគោក របស់ប្រទេសអូស្ត្រាលី និងមានចម្ងាយ១.១០០គីឡូម៉ែត្រ ស្ថិតនៅភាគនីរតី នៃភាគខាងជើងប្រទេសនូវែលសេឡង់ ។

សកម្មភាព នៃរលកយក្សស៊ូណាមិ ត្រូវបានគេកត់ត្រា នៅដែន កោះ Norfolk កាលពីព្រឹកថ្ងៃសុក្រ នេះបើយោងតាមការិយាល័យ ឧតុនិយម របស់ប្រទេស អូស្ត្រាលី (BOM) បានឲ្យដឹងដូច្នេះ ជាមួយគ្នានេះដែរ កម្រិតទឹកសមុទ្របានកើនឡើង លើសពី៦៤ សង់ទីម៉ែត្រផងដែរ ។

ការិយាល័យឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “រលកយក្សស៊ូណាមិ មានកម្លំាងខ្លាំងជាង ទំហំនៃរលកឆ្នេរខ្សាច់ទៅទៀត ។ វាមានថាមពល លើសពីរលក យក្សស៊ូណា ដែលបង្កឲ្យខូចខាត ហើយបង្កគ្រោះថ្នាក់ ដល់អ្នកហែលទឹក និងអ្នកនេសាទជាដើម” ។

“អាចមានរលកជាច្រើន និងរលកដំបូង អាចមិនធំនោះទេ ។ ការគំរាមកំហែង ត្រូវបានគេរំពឹងថា នឹងកើតឡើងក្នុងរយៈប៉ុន្មានម៉ោងប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top