ព័ត៌មានអន្តរជាតិ

ពលករចំណាកស្រុក នៅកូរ៉េខាងត្បូង បារម្ភថាពួកគេអាចនឹង ត្រូវដកចេញពីបញ្ជី អ្នកដែលទទួលបានវ៉ាក់សាំង បង្ការជំងឺកូវីដ១៩

បរទេស៖ ពលករចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពីកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុសរបស់រដ្ឋាភិបាលមិនទាន់ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាង ៣ ខែ រួមទាំងជនចំណាកស្រុកដែលគ្មានឯកសារ គឺនឹងត្រូវផ្តល់វ៉ាក់សាំង ក្រោមបទបញ្ជានិងនីតិវិធីដូចៗគ្នា ទៅនឹងជនជាតិកូរ៉េ ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានមានកំណត់ស្តីពីកាលវិភាគចាក់ថ្នាំបង្ការ បានធ្វើឱ្យពលករចំណាកស្រុកបង្ហាញការងឿងឆ្ងល់ថាពេលណាដល់វេនពួកគេចាក់។ ភាគច្រើននៃកម្មករទាំងនេះមានការព្រួយបារម្ភថា ពួកគេអាចនឹងបាត់បង់សិទ្ធិទទួលវ៉ាក់សាំងរបស់ពួកគេនៅនាទីចុងក្រោយ ដោយពិចារណាលើគោលនយោបាយទាក់ទងនឹងមេរោគដែលមិនស្របគ្នារបស់រដ្ឋាភិបាលសម្រាប់ជនចំណាកស្រុក៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top