បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើនការរួមចំណែកចំណាយ លើកងកម្លាំងអាមេរិក ដែលប្រចាំការក្នុងប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង ជាមួយសហរដ្ឋអាមេរិក។
មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយប្រាប់ថា កិច្ចព្រមព្រៀងនោះឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញារបស់រដ្ឋបាលលោក បៃដិន ចំពោះការបង្កើតឡើងវិញ និងធ្វើទំនើបកម្មដល់សម្ពន្ធមិត្ត លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន នៅជុំវិញពិភពលក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ និងវិបុលសុខរួមគ្នា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងវិធានការពិសេសរយៈពេល ៦ឆ្នាំដែលស្នើឡើងនោះ នឹងចូលមកជំនួសកិច្ចព្រមព្រៀងពីមុន ដែលបានផុតកំណត់កាលពីចុងឆ្នាំ២០១៩។
មន្ត្រីនំាពាក្យក្រសួងការបរទេសអាមេរិករូបនោះ បាននិយាយបន្តទៀតថា កិច្ចព្រមព្រៀងដែលរួមបញ្ចូលទាំង ការបង្កើនប្រកបដោយអត្ថន័យ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ គាំទ្រដល់ការចូលរួមចំណែកចំណាយ ប៉ុន្តែលោកស្រីមិនបានផ្តល់ សេចក្តីលម្អិតបន្ថែមនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង
