ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ B-1B ធ្វើបេសកកម្ម នៅន័រវេសនិងស៊ុយអែត

បរទេស៖ យន្តហោះទម្លាក់គ្រាប់ សហរដ្ឋអាមេរិក B-1B Lancer មួយគ្រឿង នៅក្នុងដើមសប្ដាហ៍នេះ បានធ្វើបេសកកម្ម Bomber Task Force នៅក្នុងប្រទេសន័រវេស និងនៅក្នុងប្រទេសស៊ុយអែត នេះបើយោងតាមកងទ័ពជើងអាកាស។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-1B ដែលមកពីកងយន្តហោះទម្លាក់ គ្រាប់លេខ៧ នៅមូលដ្ឋានកងទ័ពអាកាស Dyess រដ្ឋតិកសាសនោះ បានផ្តល់ការគាំទ្រ ដល់ការហ្វឹកហាត់ គ្រប់គ្រងការវាយប្រហារ រួមគ្នា របស់ន័រវេសនិងស៊ុយអែត។

ក្រៅពីនេះ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកនេះ ក៏បានធ្វើការចាក់ប្រេង បំពេញបន្ថែម នៅស្ថានីយកងទ័ពអាកាស Bodø ក្នុងប្រទេសន័រវេស និងបានចូលរួមជាមួយ យន្តហោះចម្បាំង ស៊ុយអែត JAS-39 Gripen ចំនួន៤គ្រឿងផងដែរ។

នៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាមិនមែនរៀងរាល់ថ្ងៃនោះទេ ដែលយន្តហោះទម្លាក់គ្រាប់យើង មានឱកាសធ្វើតួនាទីដ៏លេខធ្លោរបែបនេះ នៅក្នុងហ្វឹកហាត់ដល់សម្ពន្ធមិត្តនិងដៃគូ។ ឱកាសធ្វើការហ្វឹកហាត់ ជាមួយសម្ពន្ធមិត្ត ដៃគូរបស់យើង និងកងកម្លាំងប្រតិបត្តិការ នៅក្នុងតំបន់ ធ្វើឲ្យយើងមានកម្លាំងរហ័ស ក្លៀវក្លានិងត្រៀមលក្ខណៈ ជាស្រេច តាមដែលយើងត្រូវការ” ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top