ព័ត៌មានអន្តរជាតិ

ជប៉ុនអាចនឹងបញ្ជូនទាហាន ទៅកាន់ក្រុមកោះសែនកាគូ 

បរទេស៖ យោងតាមសេចក្តីរាយការណ៍ សារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសជប៉ុន អាចនឹងមិនប្រកែកចំពោះការបញ្ជូនកងទ័ព ទៅកាន់ក្រុមកោះមានជម្លោះ គឺក្រុមកោះសែនកាគូ ប្រសិនបើជម្លោះកើនឡើងជាមួយកងកម្លាំងបដិបក្ខនានា។

មន្ត្រីជប៉ុនមួយរូប ដែលនិយាយក្នុងលក្ខខ័ណ្ណមិនបញ្ចេញឈ្មោះ បានប្រាប់ដល់កាសែត South China Morning Post ថា ទីក្រុងតូក្យូនងមិនអត់ធ្មត់ ចំពោះការបំពានរបស់ចិនលើទឹកដីជាកម្មសិទ្ធិជប៉ុននោះឡើយ ក្រោយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បាននិយាយថា នាវាជប៉ុននឹងត្រូវបានអនុញ្ញាតឲ្យបាញ់ប្រហារទៅលើទូរបរទេសក្នុងកិច្ចការពារទុកមុន។

ប្រភពសារព័ត៌មានខាងលើនេះបាននិយាយយ៉ាងដូច្នេះថា “ក្រោមច្បាប់ក្នុងស្រុករបស់យើង កងកម្លាំងការពារជាតិ អាចប្រើប្រាស់អាវុធជាការអនុវត្តច្បាប់ ប្រឆាំងទង្វើខុសច្បាប់នានា ក្នុងនាមជាកងកម្លាំងការពារតំបន់ឆ្នេររបស់យើង ប្រសិនបើកងកម្លាំងការពារសមុទ្រចិន ចូលមកក្នុងដែនទឹករបស់យើង ដែលរួមទាំងក្រុមកោះសែនកាគូផង ដោយគ្មានការអនុញ្ញាត”។

គួរបញ្ជាក់ថា ការប្រុងប្រយ័ត្នរបស់ជប៉ុន ចំពោះសកម្មភាពចិននៅដែនសមុទ្រចិនខាងកើត បានកើនឡើង ក្រោយប្រទេសចិន បានអនុម័តច្បាប់មួយនៅក្នុងខែកុម្ភៈ អនុញ្ញាតឲ្យកងកម្លាំងការពារដែនសមុទ្រចិន ប្រើប្រាស់អាវុធលើទូកនានា ដែលចូលក្នុងដែនទឹកចិនអះអាងកម្មសិទ្ធិ៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top